រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣
ដោយមើលឃើញថា ទំព័រ/គណនីហ្វេសប៊ុកល្បីៗមានអ្នកតាមដានច្រើន តែងតែត្រូវបានពួកចោរអនឡាញ (hackers) លួចប្លន់យកទៅគ្រប់គ្រងជាច្រើនករណីមកហើយ ។ តួយ៉ាង ទំព័រហ្វេសប៊ុករបស់ព្រះតេជគុណ ចាន់ សុជន របស់ព្រះតេជគុណ ហាក់ សៀងហៃ និងរបស់ព្រះគ្រូ សាន សុជា ជាដើមសុទ្ធតែធ្លាប់ត្រូវបានជនអានាមិកលួចយកទៅគ្រប់គ្រង ដោយយកមកវិញបានខ្លះមិនបានខ្លះ ។
ហ្វេសប៊ុកបានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើងទៅហើយ ។ វាមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនយើងជាច្រើនរាប់សិបឆ្នាំ ។ បើបាត់បង់វាទៅ គឺស្មើនឹងបាត់បង់កំណត់ត្រាប្រចាំថ្ងៃ អនុស្សាវរីយ៍ និងទិន្នន័យរបស់យើង រាប់សិបឆ្នាំដូច្នេះដែរ ។ ដើម្បីការពារសុវត្ថិភាពទំព័រ/គណនីហ្វេសប៊ុក ត្រូវអនុវត្តលក្ខខណ្ឌ ៤ យ៉ាងខាងក្រោមនេះ៖
(១) សាមីខ្លួនត្រូវប្រើលេខសម្ងាត់ខ្លាំង ដែលមានលក្ខណៈដូច្នេះ៖ Jelly22fi$h (មានអក្សរធំ-តូច-លេខ-សញ្ញាពិសេស) និងចាប់ពី ៨ ខ្ទង់ឡើងទៅ ។ ហាមដាច់ខាតការយកលេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ ឬពាក្យជាភាសាអង់គ្លេស ទៅប្រើជាលេខសម្ងាត់ ព្រោះពួកចោរលួចគណនីអនឡាញងាយនឹងរាវរកវាឃើញ ។
(២) ត្រូវកំណត់ការចូលទៅប្រើប្រាស់គណនី ដោយប្រើកត្តាសុវត្ថិភាពស្ទួនឬពីរដង (Two-factor authentication) គឺត្រូវបំពេញលេខសម្ងាត់ (password) ផង និងលេខកូដ ៦ ខ្ទង់ផង ដែលបានមកពីកម្មវិធីកត្តាសុវត្ថិភាពស្ទួនខាងលើ ដែលត្រូវបានបញ្ចូលលើទូរស័ព្ទដៃរបស់លោកអ្នក ។ បើមិនចេះ ត្រូវរកអ្នកជំនាញធ្វើឲ្យ ។ ចំណុចនេះសំខាន់ណាស់ ជាការបន្ថែមសុវត្ថិភាពលើលេខសម្ងាត់ ។ ស្ទើរគ្រប់គណនីអនឡាញទូទៅ មានកត្តាសុវត្ថិភាពស្ទួននេះទាំងអស់ ។
(៣) បើទំព័រ/គណនីហ្វេសប៊ុកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមដាក់ពាក្យយក «សញ្ញាធីកពណ៌ខៀវ» ពីក្រុមហ៊ុនហ្វេសប៊ុក ដោយការដាក់ឯកសារដែលគេត្រូវការមួយចំនួន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណម្ចាស់គណនី ។ ចំណុចនេះមិនសូវចាំបាច់ទេ តែបើធ្វើបានក៏ល្អ ។
(៤) គួរតែបំពេញអាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទទៅក្នុងគណនីរបស់យើង ហើយកំណត់ឯកជនភាពឲ្យមើលឃើញតែខ្លួនឯងបានហើយ ។ អាសយដ្ឋានអ៊ីម៉ែលនិងលេខទូរស័ព្ទត្រូវការចាំបាច់ នៅពេលដែលយើងភ្លេចលេខសម្ងាត់ ឬបាត់បង់ទូរស័ព្ទដៃ ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី និងចូលទៅគ្រប់គ្រងគណនីដូចដើមវិញ ។ ហើយការកំណត់ឯកជនភាពឲ្យមើលឃើញតែខ្លួនឯងនេះ គឺដើម្បីកាត់បន្ថយហានិភ័យពីក្រុមចោរលួចគណនីអនឡាញ ។
ចំណាំ៖ បើយើងអនុវត្ត ៤ ចំណុចខាងលើហើយ ពួកចោរលួចគណនីនៅមានល្បិចមួយទៀត គឺពួកផ្ញើតំណភ្ជាប់ ឬ លីង អង់គ្លេសថា Hyperlink ដែលជាទូទៅមានពណ៌ខៀវ ទៅកាន់អ៊ីម៉ែល ឬសារហ្វេសប៊ុក ឲ្យយើងចុចលើតំណភ្ជាប់នោះ ។ ជាលទ្ធផល ពួកគេនឹងចូលគ្រប់គ្រងគណនីរបស់យើងដោយស្វ័យប្រវត្តិ ។
ដើម្បីបញ្ចុះបញ្ចូលយើងឲ្យចុចលើតំណភ្ជាប់នោះ ពួកគេនឹងនិយាយបែបបំភ័យយើងថា គណនីហ្វេសប៊ុករបស់យើងមានបញ្ហា ដូចជាថា យើងរំលោភច្បាប់ ឬលក្ខខណ្ឌប្រើប្រាស់របស់ក្រុមហ៊ុនហ្វេសប៊ុកជាដើម ។ល។ ហើយតម្រូវឲ្យយើងចុចលើតំណភ្ជាប់នោះជាបន្ទាន់ ដើម្បីរក្សាគណនីរបស់យើង ពុំនោះទេ យើងនឹងបាត់បង់គណនី ឬគណនីនឹងត្រូវគេលុបចោលដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១២ ឬ ២៤ ម៉ោងជាដើម ។ សារនោះភាគច្រើនមានលក្ខណៈបែបនេះ ឬប្រហាក់ប្រហែលនេះ៖
"Your page will be disabled because someone has reported you for not complying with the terms of service. If you believe your account was reported by mistake, re-verify your account to avoid getting banned. Confirm your account here:" [hyperlink] ... If you do not confirm within 12 hours, our system will automatically delete your page/account.
បច្ចុប្បន្ន ពួកចោរលួចគណនីច្រើនប្រើវិធីនេះ ដើម្បីចូលទៅគ្រប់គ្រងគណនីរបស់យើង ។ ដូច្នេះ យើងមិនត្រូវចុចលើតំណភ្ជាប់ដែលយើងមិនស្គាល់ប្រភពជាដាច់ខាត ។ ក្រុមហ៊ុនហ្វេសប៊ុកមិនដែលផ្ញើសារជាលក្ខណៈគម្រាម ឬបំភ័យដូច្នោះឡើយ ។ បើសង្ស័យត្រូវសាកសួរអ្នកជុំវិញ មុនពេលសម្រេចចិត្តធ្វើតាមសារដែលគេផ្ញើមកនោះ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment