ទំព័រហ្វេសប៊ុកល្បីឈ្មោះទាំង១៥របស់ព្រះសង្ឃខ្មែរដែលមានអ្នកតាមដានច្រើនជាងគេក្នុងឆ្នាំ២០២៣ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, March 01, 2023

ទំព័រហ្វេសប៊ុកល្បីឈ្មោះទាំង១៥របស់ព្រះសង្ឃខ្មែរដែលមានអ្នកតាមដានច្រើនជាងគេក្នុងឆ្នាំ២០២៣

រូបភាពទំព័រហ្វេសប៊ុក/គណនីហ្វេសប៊ុករបស់ព្រះសង្ឃខ្មែរល្បីឈ្មោះទាំង១៥អង្គ នាឆ្នាំ២០២៣។ រូបភាពពីហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣

ការផ្សាព្វផ្សាយព្រះធម៌បានឈានដល់ដំណាក់កាលទី៤ ឬ Buddhist Propagation 4.0 គឺការធ្វើឲ្យមានការទទួលបានព្រះធម៌ជាសកល ដែលមានវិវឌ្ឍនាការពីដំណាក់កាលមុនៗ គឺការសូត្រចាំមាត់ (ទី១) ការចារជាគម្ពីរដីកា (ទី២) និងការធ្វើគម្ពីរដីកាឲ្យជាឌីជីថល (ទី៣) ។ នៅក្នុងសម័យកាលនេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យកាល គឺជារឿងចាំបាច់ (ទី៤) ។

បណ្ដាញទំនាក់ទំនងសង្គមកំពុងតែពេញនិយាយ សម្រាប់មនុស្សទូទៅគ្រប់មជ្ឈដ្ឋាន ។ ធម្មទូតធម្មកថិក ឬអ្នកផ្សព្វផ្សាយព្រះធម៌ត្រូវតែដើរឲ្យទាន់នូវរលកនៃបម្លាស់ប្តូរឬបម្រែបម្រួលទំនាក់ទំនងសង្គម ពីទំនាក់ទំនងផ្ទាល់ (face-to-face communication) ទៅជាទំនាក់ទំនងប្រយោលតាមអនឡាញ (online communication) ។ បើប្រជាជនគេដើរទៅមុខ ហើយព្រះសង្ឃបែរជាដើរថយក្រោយទៅ២៥០០ឆ្នាំមុន ស្ថាប័នសាសនាប្រាកដជាត្រូវនៅឯកោ និងនៅដាច់ដោយឡែកពីសង្គមជាក់ជាមិនខាន ។

ម្យ៉ាងទៀត វាហួសសម័យទៅហើយដែលសួរថា តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមឬអត់ ។ សំណួរដែលត្រឹមត្រូវហើយទាន់សភាពការណ៍គឺគួរតែសួរថា តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមបែបណាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព្រះធម៌ ។ ការសួរថា ព្រះសង្ឃគួរតែប្រើរបស់ទំនើបឬទេ ក៏ដូចជាហួសសម័យដែរ ។ របស់របរគ្រាន់តែជាគ្រឿងប្រើប្រាស់ជួយសម្រួលដល់ការរស់នៅ និងកិច្ចការងារផ្សេងៗដែលត្រូវការរបស់អស់ទាំងនោះ ។ នៅប្រទេសជឿនលឿន សម្បត្តិត្រឹមទូរស័ព្ទអាយហ្វូន (iPhone) ភ្នែកពីរភ្នែកបី គ្មាននរណាទៅចាប់អារម្មណ៍ទេ ។

ផ្ទុយទៅវិញ នៅប្រទេសដែលមានប្រជាជននៅមានជីវភាពនៅមានកម្រិតដូចកម្ពុជា គេតែងតែវាយតម្លៃមនុស្សទៅលើរបស់ប្រើប្រាស់ខាងក្រៅ ។ ក្នុងកាលៈទេសៈបែបនេះ អ្នកបួសត្រូវប្រើវាប្រកបដោយសតិសម្បជញ្ញៈ មិនសម្ញែងមិនលុះក្នុងអំណាចនៃតណ្ហាក្រាស់ពេក ។ ដូច្នេះ ព្រះឧបជ្ឈាយ៍ឬពហុស្សូតទាំងឡាយមិនគួររិះគន់លោក ដោយសារការប្រើប្រាស់បណ្ដាញសង្គមឬសម្ភារទំនើបទេ គួរតែជួយអប់រំលោកឲ្យប្រើប្រាស់យ៉ាងណាឲ្យបានសមរម្យជាសមណភេទ និងបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទ ។

តាមការតាមដានការប្រើប្រាស់បណ្ដាញសង្គមគឺហ្វេសប៊ុក លោកវិទូសង្កេតឃើញថា ព្រះសង្ឃធម្មកថិក និងព្រះសង្ឃធ្វើការងារសង្គមជាច្រើនបានប្រើប្រាស់វា ដើម្បីផ្សព្វផ្សាយសកម្មភាព និងធ្វើសកម្មភាពសាសនាផ្សេងៗ តាមរយៈការឡាយផ្ទាល់ជាធម្មសាកច្ឆា និងការបង្ហោះវីដេអូ រូបភាពឯកសារ និងអត្ថបទមានប្រយោជន៍ផ្សេងៗ ។ តាមការត្រួតពិនិត្យលើចំនួនអ្នកតាមដាន (followings) លើទំព័រហ្វេសប៊ុក (pages) ឬគណនីហ្វេសប៊ុក លោកវិទូសូមធ្វើការជ្រើសរើសពិសេសនូវព្រះសង្ឃល្បីៗចំនួន ១៥ អង្គដែលមានប្រជាប្រិយភាពជាងគេ ក្នុងឆ្នាំ២០២៣នេះ ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ លោកវិទូបានធ្វើការចុះផ្សាយរឿងនេះរួចមកហើយ ដោយមានព្រះសង្ឃល្បីៗចំនួន១៣ អង្គត្រូវបានជ្រើសរើស ។ ក្នុងនោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ស្ថិតនៅលំដាប់ទី១ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទី២ ព្រះធម្មវិជ្ជា ជួន កក្កដា (មុនីបាលោ) ទី៣ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ទី៤ និងព្រះភិក្ខុ លួន សុវ៉ាត ទី៥ ។ល។

ដោយឡែក នៅលើកនេះ ព្រះភិក្ខុធម្មាលង្ការោ ចាន់ សុជន ដែលធ្លាប់នៅលំដាប់ទី៧ (មានអ្នកតាមដានចំនួន ១,៧ សែននាក់) មិនមានឈ្មោះទៀតទេ ដោយសារទំព័រហ្វេសប៊ុក (https://www.facebook.com/ContentMarketingInstitute66/) របស់ព្រះអង្គត្រូវបានជនខិលខូចប្លន់យកទៅគ្រប់គ្រងបាត់ទៅហើយ ។ ម្យ៉ាងទៀត ព្រះភិក្ខុអត្តគារវតោ ឡុង សុភាព បានលាចាកសិក្ខាបទទៅហើយ ដូច្នេះក៏លែងមានឈ្មោះនៅក្នុងទីនេះដែរ ។

ដូច្នេះសូមព្រះតេជព្រះគុណញាតិញោមបងប្អូនតាមដានទាំងអស់ ថាតើលោកមានអ្នកតាមដានប៉ុន្មាននាក់ និងថាតើលោកធ្វើសកម្មភាពអ្វីខ្លះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ និងបើធៀបនឹងឆ្នាំ២០២០កន្លងទៅ ។

លក្ខខណ្ឌជ្រើសរើស


១. ទំព័រហ្វេសប៊ុក ឬគណនីហ្វេសប៊ុក (យកមួយណាដែលមានចំនួនអ្នកតាមដានច្រើនជាង) ចំនួនអ្នកតាមដានចាប់ពី ៣,៥ ម៉ឺននាក់ឡើងទៅ ដោយមិនគិតពីចំនួនអ្នកចូលចិត្តទេ ។ ២. ជ្រើសរើសតែចំនួន ១៥ អង្គទេ ហើយមានទំព័រហ្វេសប៊ុក ឬគណនីហ្វេសប៊ុក ដែលមិនធ្លាប់ឬកំពុងផ្សាយពាណិជ្ជកម្ម (boost page) ។ ៣. សកម្មភាពនៅលើទំព័រ/គណនីហ្វេសប៊ុក ត្រូវឆ្លុះបញ្ចាំងពីសកម្មជាក់ស្ដែងរបស់សាមីខ្លួន មិនចែករំលែកការចុះផ្សាយផ្សាយរបស់អ្នកដទៃលើសពីរបស់ខ្លួនផ្ទាល់ ។ ៤. ផ្សព្វផ្សាយព្រះធម៌អប់រំតាមបែបពុទ្ធសាសនា និងតាមធម៌វិន័យសមរម្យ ។

ទំព័រ/គណនីហ្វេសប៊ុកព្រះសង្ឃមានអ្នកតាមដានច្រើនជាងគេទាំង១៥ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣


០១. ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
https://www.facebook.com/kousopheapcam

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៤,១ លាននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ជាចំនួនដែលច្រើនជាងគេបំផុតទី១ដដែល ហើយមានកំណើនទ្វេដង បើធៀបនឹងឆ្នាំ២០២០ (២,១ លាននាក់) ។ ពិសេសជាងនេះគឺ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានភ្ជាប់ដោយសញ្ញាគូសធីកពណ៌ខៀវផង ដែលបញ្ជាក់ថាជាទំព័រហ្វេសប៊ុកផ្លូវការទទួលស្គាល់អត្តសញ្ញាណម្ចាស់គណនីដោយក្រុមហ៊ុនហ្វេសប៊ុក ។

ព្រះអង្គជាព្រះធម្មកថិក គង់នៅវត្ត​និគ្រោធ​វ័ន​ (គល់​ទទឹង)​ ភូមិ​កោះ​ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ។ ជាពិសេស ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌ និងជាអ្នកនិពន្ធសៀវភៅអប់រំចិត្តផងដែរ (ឧ. «មាគ៌ាជីវិត៖ សាងខ្លួនដើម្បីសុភមង្គល» ២០០៦) ។ ហើយកាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ ព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។

តាមរយៈចំនួនអ្នកតាមដាននិងអ្នកចូលចិត្តសបញ្ជាក់ឲ្យឃើញថា ព្រះអង្គជាធម្មតារាហ្វេសប៊ុកដ៏ពេញនិយមបំផុត ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានធម្មរសសម្បូរបែប ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានការបង្ហោះផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្ត និងដំណោះស្រាយវិបត្តិសង្គម ប្រកបដោយខ្លឹមសារខ្លីៗងាយយល់ចូលចិត្តសម្រាប់ជនានុជនទាំងឡាយគ្រប់កម្រិត ។ ក្នុងចំណោមវីដេអូទាំងអស់ វីដេអូពំនោលអប់រំខ្លីៗជាទីពេញនិយមជាងគេ មានអ្នកចូលមើលក្បែរលាននាក់ អ្នកចូលចិត្តរាប់ម៉ឺននាក់ អ្នកចែករំលែកបន្តដល់ម៉ឺននាក់ សម្រាប់វីដេអូដែលបានបង្ហោះចាប់ពីមួយឬពីរអាទិត្យឡើងទៅ និងវីដេអូរឿងអប់រំខ្លីក៏មានអ្នកទស្សនាដល់ថ្នាក់លាននាក់ដែរ ។ 

ក្រៅពីនេះព្រះអង្គក៏បានចែករំលែកវីដេអូសន្ទនាធម៌តាមកម្មវិធីវិទ្យុនិងទូរទស្សន៍ផងដែរ ។ បន្ថែមលើនេះ ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូតែងធ្វើការផ្សាយផ្ទាល់នូវសកម្មភាពក្នុងវត្តគល់ទទឹង មានកិច្ចវត្តព្រឹកល្ងាចរបស់ព្រះសង្ឃជាដើម ។ ពុទ្ធបរិស័ទច្រើនណាស់ដែលជ្រះថ្លានិងយល់ចូលចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌របស់ព្រះអង្គគ្រូ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនេះ ។

ក្រៅពីការបង្ហោះវីដេអូនិងការផ្សាយផ្ទាល់ ព្រះអង្គគ្រូតែបង្ហោះគំនិតឬទស្សនៈខ្លីៗជាពាក្យស្លោកឬភាសិតប្រកបដោយអត្ថន័យអប់រំ ដូចជា «ជីវិតខ្ញុំជួបទុក្ខច្រើនម្ល៉េះ ត្រឹមត្រូវហើយ ជីវិតមានទុក្ខអ៊ីចឹងឯង គ្មាននរណាជៀសរួចទេ ។ គេជួបរឿងគេ យើងជួបរឿងយើង មិនដូចគ្នាទេ កុំប្រៀបធៀបគ្នាអី ។ ប្រឹងដោះឲ្យអស់ពីសមត្ថភាពទៅ កុំត្អូញពេកអី ត្អូញទៅបានតែកើតទុក្ខថែម ។» ម្យ៉ាងទៀត គោលបំណងនៃការបង្កើតទំព័រហ្វេសប៊ុកនេះត្រូវបានបង្ហាញនៅទីនេះដែរគឺ «ចែករំលែកបញ្ញាញាណដើម្បីសេចក្តីសុខក្នុងជីវិត» ។ ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ https://kousopheap.org ៕
បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ព្រះអង្គគ្រូមានអ្នកតាមដានចំនួន៖ ១,១ លាននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី២ដដែល ហើយមានកំណើនជិត ២ សែននាក់ បើធៀបនឹងឆ្នាំ២០២០ (៩,២២ សែននាក់) ។ ជាពិសេសផងដែរ ទំព័រហ្វេសប៊ុករបស់ព្រះអង្គក៏មានសញ្ញាគូសធីកពណ៌ខៀវ ដែលជាសញ្ញាបញ្ជាក់ថា ក្រុមហ៊ុនហ្វេសប៊ុកទទួលស្គាល់អត្តសញ្ញាណម្ចាស់គណនីជាផ្លូវការ (២០២៣) ។ 

ព្រះអង្គគ្រូជាស្ថាបនិកវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។ ព្រះអង្គគ្រូធ្លាប់ធ្វើជាគ្រូក្របខណ្ខរដ្ឋ នៅសាលាពុទ្ធិកបឋមសិក្សា នៅខេត្តពោធិ៍សាត់ និងក្រោយមកជាធម្មាចារ្យបង្រៀនព្រះអភិធម្ម ដ៏មានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ថែមទាំងជាអ្នករៀបរៀងសៀវភៅជាច្រើនក្បាលទៀតផង ។ សៀវភៅចុងក្រោយរបស់ព្រះអង្គគ្រូគឺ «មេរៀនចេតសិក និង ចិត្ត អបដោយវីដេអូ» (២០២០) ជាឧបករណ៍ជំនួយរៀនព្រះអភិធម្ម ។ ព្រះអង្គគ្រូជាព្រះប្រធានសមាគមធម្មកថិកកម្ពុជា តែពេលនេះសមាគមនេះពុំសូវមានសកម្មភាពប៉ុន្មានទេ ។ បច្ចុប្បន្នព្រះអង្គគ្រូគង់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាវត្តសមណគោតមារាម ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូក៏សកម្មណាស់ដែរ ។ វីដេអូពេលកំពុងឡាយផ្ទាល់មានអ្នកចូលមើលរាប់ពាន់នាក់ ហើយក្រោយពេលឡាយមានអ្នកមើលរាប់ម៉ឺននាក់ និងចែករំលែកបន្តរាប់ពាន់នាក់ មិនគិតដល់អ្នកចម្លងយកទៅផ្សាយបន្តរាប់មិនអស់ផង ។ ព្រះអង្គគ្រូពុំឃើញមានធ្វើវីដេអូខ្លីៗទេ ភាគច្រើនជាវីដេអូវែងៗជាមធ្យមរយៈពេលកន្លះម៉ោងទៅមួយម៉ោង ។ 

ព្រះអង្គគ្រូតែងតែពន្យល់ឲ្យបរិស័ទមានមនសិការស្នេហាជាតិ និងឲ្យលះបង់ជំនឿគ្មានហេតុផលផ្សេងផងដែរ ។ ពុទ្ធបរិស័ទខ្មែរជុំវិញពិភពលោកទទួលបានប្រយោជន៍ ពីការផ្សព្វផ្សាយព្រះធម៌តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គគ្រូ ។ ព្រះអង្គគ្រូប្រហែលជាអ្នកជម្រុញទឹកចិត្តឲ្យបង្កើតក្រុម «យុវជន និងព្រះធម៌» ក្នុងការធ្វើឲ្យយុវជនមានទម្លាប់ពិភាក្សាធម៌អាទ៌ផ្សេងៗ ។ 

ព្រឹត្តិការណ៍សំខាន់ជាងគេរបស់ព្រះអង្គ សម្រាប់ដើមឆ្នាំ២០២៣ថ្មីនេះគឺ ព្រះអង្គបាននិមន្តជួបជាមួយសម្ដេចប៉ាប ដែលជាមេសាសនាគ្រិស្តនិកាយកាតូលិក នៅទីក្រុងរ៉ូម រួមដំណើរដោយលោក គួច ម៉េងលី និងអ្នកឯទៀត ដើម្បីពិភាក្សាគ្នាលើប្រធានបទទាក់ទងនឹងបញ្ហាបរិស្ថាន ។ ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.sansochea.org ។

០៣. ព្រះធម្មវិជ្ជា ជួន កក្កដា (មុនីបាលោ)
https://www.facebook.com/chounkakada07

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៥,៧៣ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៣ដដែល ហើយមានចំនួនកើនឡើងជិត ២ សែននាក់ បើធៀបនឹងឆ្នាំ២០២០ (៣,៩៥ សែននាក់) ។ 

ព្រះធម្មវិជ្ជា ជួនកក្កដា ជាព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ។ ព្រះអង្គក៏ជាព្រះធម្មកថិកមានឈ្មោះល្បីមួយអង្គផងដែរ ។ នៅទំព័រហ្វេសប៊ុករបស់ព្រះអង្គត្រង់ Intro ដែលមានន័យថា ការណែនាំឲ្យស្គាល់ មានដាក់ថា «ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះស?» ដែលទំនងជាប្រយោគមិនពេញរបស់ «ព្រឹទ្ធបុរសរងនៃ[ពុទ្ធិក]សាកលវិទ្យាល័យព្រះសហនុរាជ» ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គជាទីពេញនិយមសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលតាមដានព្រះអង្គ ដែលមានចំនួនជាង ៥,៧៣ សែននាក់នោះ ។ ភាគច្រើនទំព័រហ្វេសប៊ុកនេះបង្ហោះពីសកម្មភាពរបស់ព្រះអង្គ ដូចជាការសម្ដែងធម្មទេសនាតាមកម្មវិធីបុណ្យ ការផ្ដល់ឱវាទភិក្ខុសាមណេរក្នុងវត្ត សកម្មភាពភិក្ខុសាមណេរក្នុងវត្ត និងការទទួលទេយ្យទានពីញាតិញោមពុទ្ធបរិស័ទ ។ល។ ព្រះអង្គតែងបង្ហោះវីដេអូអប់រំខ្លីៗអំពី «លំហាត់ជីវិត» ជាប្រចាំ ។ ក្រៅពីការចិញ្ចឹមឧបត្ថម្ភព្រះសង្ឃគង់រៀនសូត្រជាច្រើនអង្គក្នុងវត្ត ព្រះអង្គតែងបរិច្ចាគទេយ្យទានដល់ស្មូមយាចក និងជនទីទល់ក្រជានិច្ចកាលផងដែរ ។

០៤. ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី
https://www.facebook.com/phunpheakdey2017

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ព្រះគ្រូធម្មាចារ្យមានអ្នកតាមដានចំនួន៖ ២,០១ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៤ដដែល ហើយមានចំនួនកើនឡើង ៥,៨ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (១,៥២ សែននាក់) ។ 

ព្រះគ្រូធម្មាចារ្យគង់នៅវត្តបទុមវតី រាជធានីភ្នំពេញ ដោយនិមន្តមកពីខេត្តតាកែវ ។ យើងសង្កេតឃើញថា បច្ចុប្បន្ន ព្រះអង្គមានងារពេញថា ព្រះសច្ចរង្សី សាស្ត្រាចារ្យ ផុន ភក្តី ។ ដូច្នេះមានន័យថា ព្រះអង្គមានសមណសក្តិជា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាសាស្ត្រាចារ្យផង ។ បើសង្កេតឲ្យកាន់តែជ្រៅទៀតទើបដឹងថា ព្រះអង្គជាប្រធានកម្មវិធី ជីវិត និងព្រះធម៌ និងជាសាស្ត្រាចារ្យផ្នែកច្បាប់និងទស្សនវិជ្ជា (ប្រហែលនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍) ។

ទំព័រហ្វេសប៊ុករបស់ព្រះគ្រូធម្មាចារ្យហាក់ពុំសូវសកម្មប៉ុន្មានទេ ។ ទំព័រហ្វេសប៊ុកនេះមានអ្នកតាមនិងចូលចិត្តច្រើន តែហាក់ដូចជាមិនមែនកាន់ដោយព្រះសង្ឃសាមីខ្លួន និងមានតំណគេហទំព័រមិនដំណើរការ (lsopheap.com) ។ ទោះយ៉ាងណា វីដេអូធម្មទេសនាដែលត្រូវបានចែករំលែកឬបង្ហោះលើទំព័រហ្វេសប៊ុកមានអ្នកទស្សនាដល់ថ្នាក់ម៉ឺននាក់ ការចូលចិត្តនិងចែករំលែកបន្តមានច្រើនជាមធ្យម ។ ព្រះគ្រូធម្មាចារ្យមានព្រះនាមល្បីក្នុងចំណោមសិស្សានុសិស្ស តាមរយៈកម្មវិធីអប់រំសីលធម៌ផ្សេងៗនៅតាមសាលារៀន ។ ព្រះអង្គក៏ជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗ នៅប្រទេសកម្ពុជាផងដែរ ។

០៥. ព្រះភិក្ខុ លួន សុវ៉ាត
https://www.facebook.com/sovathluon

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១,៨៣ សែននាក់ ស្ថិតនៅលំដាប់ទី៥ដដែល ហើយមានចំនួនកើនឡើង បើធៀបនឹងឆ្នាំ២០២០ (១,៥០ សែននាក់) ។ 

កាល​ពី​ឆ្នាំ​ ២០១២ ​ ព្រះភិក្ខុ​ លួន សុវ៉ាត ​បាន​ទទួល​ពានរង្វាន់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ​ Martin Ennels Award​ ដ៏​ល្បី​ល្បាញ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ។

តាមការត្រួតពិនិត្យទំព័ររបស់លោកឃើញថា កាលនៅស្រុកខ្មែរ សកម្មភាពភាគច្រើនក្នុងមួយរយៈចុងក្រោយនេះគឺផ្តោតលើការអភិវឌ្ឍសង្គមដូចជាការកសាងផ្លូវថ្នល់ ការដាំដើមឈើ ការកសាងកុដិសាលា ការកសាងពាងទឹក ការកសាងបន្ទប់ទឹកនិងបង្គន់អនាម័យ នៅក្នុងវត្តស្លែង នៅខេត្តសៀមរាប ជាស្រុកកំណើតរបស់ព្រះអង្គ ដោយការរៃអង្គាសប្រាក់ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ។ 

ព្រះអង្គធ្លាប់ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​សង្គមយ៉ាងសកម្មផងដែរ ។ តែកាលពីកំឡុងខែកក្កដា ឆ្នាំ២០២០ ព្រះអង្គលួន សុវ៉ាត បានភៀសព្រះកាយ​ទៅ​ប្រទេស​ស្វីស សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​មាន​ការ​ចោទប្រកាន់​រឿង​រំលោភ​សេព​សន្ថវៈ ។ ព្រះអង្គគង់នៅទីនោះរហូតដល់បច្ចុប្បន្ន ។

https://www.facebook.com/profile.php?id=100053882592036

ទំព័រហ្វេសប៊ុក «ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ» ទើបតែត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ក្នុងរយៈពេលពីរឆ្នាំ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានរហូតដល់ទៅ ១,៤៣ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៦ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានឧបសម្ប័ទជាភិក្ខុក្នុងឆ្នាំ១៩៨០ នៅជុំរុំភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ និងត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជទានសមណស័ក្តិជា «ព្រះមហាវិមលធម្ម» ជាព្រះរាជាគណៈថ្នាក់ទោ ក្នុងឆ្នាំ១៩៩៣ ។ 

ព្រះអង្គធ្លាប់បួសក្នុងព្រះពុទ្ធសាសនា ក្នុងសម័យសង្គមរាស្ត្រនិយម តែត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក ក្នុងឆ្នាំ១៩៧៥ ។ បច្ចុប្បន្ន ព្រះអង្គជាឧត្ដមប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ។ ព្រះអង្គត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពជ្រះថ្លាថាជាព្រះសង្ឃចាស់ទុំ និងមានចំណេះដឹងជ្រៅជ្រះជាគំរូល្អមួយព្រះអង្គ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ដែលសមលក្ខណៈជាបណ្ឌិតតាមន័យក្នុងព្រះពុទ្ធសាសនាដោយពិត ។

ព្រះវិមលធម្មមានសកម្មស្ទើរជាប់មិនដាច់ ដូចជាការសម្ដែងធម្មទេសនា តាមកម្មវិធីបុណ្យទាននានា និងការនិមន្តធ្វើជាវាគ្មិន ក្នុងកម្មវិធីអប់រំផ្សេងៗតាមបែបព្រះពុទ្ធសាសនា ។ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ ព្រះវិមលធម្មបាននិមន្តទៅប្រទានធម្មទេសនា នៅទឹកដីកម្ពុជាក្រោមទៀតផង ។

០៧. ព្រះគ្រូចុល្លនាគវិជ្ជា ឆន ម៉ៅមេត្តា (មេត្តារក្ខិតោ)
https://www.facebook.com/ven.chhanmaometta

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ព្រះគ្រូមានអ្នកតាមដានចំនួន៖ ១,២២ សែននាក់ ត្រឹមខែមីនា ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៧ថ្មី មានចំនួនកើនឡើងជាង ៨,៣ ម៉ឺននាក់ (កើនឡើងជាងត្រៃដង) បើធៀបនឹងឆ្នាំ២០២០ (៣,៨៦ ម៉ឺននាក់) ។ 

ព្រះអង្គនៅវត្តឯឡការាម (ពពែក្រោម) រាជធានីភ្នំពេញ ។ ព្រះគ្រូជាព្រះប្រធានអង្គការមេត្តា ដែលធ្វើសកម្មភាពសប្បុរសធម៌ផ្សេងៗ មានការចែកទានដល់ជនទីទល់ក្រនិងជនចាស់ជរាគ្មានទីពឹងជាដើម និងជាអគ្គនាយកវិទ្យុមេត្តា FM 96.70 MHz ។

នៅទំព័រហ្វេសប៊ុករបស់ព្រះគ្រូ ភាគច្រើនជាការចែករំលែកខ្សែវីដេអូធម្មទេសនាពីបណ្ដាញយូធូប និងការផ្សាយផ្ទាល់ពីស្ថានីយវិទ្យុមេត្តា FM 96.70 MHz និងការផ្សាយផ្ទាល់ធម្មទេសនាតាមកម្មវិធីបុណ្យផ្សេងៗ ។

០៨. ព្រះតេជគុណ ប៊ុត ប៊ុនតិញ
https://www.facebook.com/butbuntenh

គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានអ្នកតាមដានចំនួន៖ ១,១៥ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៨ថ្មី ។ គណនីហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ជាអ្នកខេត្តសៀមរាប ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសឥណ្ឌា (២០០៦-២០០៩) ហើយធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​មាន​ឈ្មោះ​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ជា​ព្រះសង្ឃ​ដែល​សកម្មក្នុងរឿងនយោបាយនិងសង្គម ។ ព្រះ​អង្គ​ជា​ស្ថាបនិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ដើម្បី​យុត្តិ​ធម៌​សង្គម ដែល​តែង​តែ​តវ៉ា​រក​យុត្តិធម៌​នៅ​ខាង​មុខ​តុលាការ ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​បង្កើត​យុទ្ធនា​ការ​ការពារ​ព្រៃឈើ​ជាដើម ដែលលែងដំណើរការទៀតហើយនាពេលនេះ ក្រោយអវត្តមានរបស់ព្រះអង្គ ។

បច្ចុប្បន្ន ព្រះអង្គភៀសខ្លួន សុំសិទ្ធិជ្រោកកោន នៅសហរដ្ឋអាមេរិក ហើយបានបង្កើតវត្តមួយដាក់ឈ្មោះថា វត្តភ្នំសិរី នៅក្រុងឡូវែល រដ្ឋម៉ាស្សាឈូស៊ែត ។

០៩. ព្រះធម្មវិបស្សនា ម៉ុន សាយ
https://www.facebook.com/MunSay.Radio

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១,០៥ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៩ថ្មី ធ្លាក់ទី៦ តែកើនចំនួនជាង ១,៦ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (៨,៨ ម៉ឺននាក់) ។ 

ព្រះធម្មវិបស្សនា ម៉ុន សាយ ជាព្រះរាជាគណៈថ្នាក់ចត្វា ជាព្រះធម្មកថិក ជាអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយកវិទ្យុសំឡេងព្រះធម៌ FM102.70MHz វិទ្យុព្រះពុទ្ធសាសនាទូទាំងប្រទេស ។ ព្រះអង្គក៏ជាមគ្គទេសក៍ដឹកនាំធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា-នេប៉ាល់ ភូមា និងស្រីលង្កាផងដែរ ។ ក្រៅពីនេះ ព្រះអង្គក៏ជាប្រធានគ្រប់គ្រង ពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា-ស្រីលង្កាផងដែរ ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានច្រើន និងមានសកម្មភាពជាប្រចាំ ។ សកម្មភាពលើទំព័រហ្វេសប៊ុកភាគច្រើនគឺការផ្សាយផ្ទាល់ធម្មទេសនារបស់ព្រះអង្គតាមកម្មវិធីបុណ្យនានា និងការផ្សាយផ្ទាល់នូវការផ្សាយរបស់វិទ្យុសំឡេងព្រះធម៌ ពីវត្តថាន់ រាជធានីភ្នំពេញ ។ យើងឃើញមានការបង្ហោះវីដេអូសកម្មភាពមនុស្សធម៌ ចែកទេយ្យទានដល់ជនទីទាល់ក្រតាមនិគមជនបទជាញឹកញាប់ផងដែរ ។

១០. ភិក្ខុ មេត្តាបាលោ ឡន សាឡុង 
https://www.facebook.com/MATABALOU

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១០ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ក្នុងវ័យជាយុវសមណៈ ភិក្ខុ ឡន សាឡុងជាគ្រូបង្រៀនព្រះអភិធម្ម នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ និងបានរៀបរៀងសៀវភៅមេរៀនព្រះអភិធម្មមួយចំនួនដូចជា «មេសូធ្យព្រះអភិធម្ម» ២០២១ និង «សិក្សាព្រះអភិធម្មថ្នាក់ដំបូង» ២០២២ ជាដើម ។ ដូច្នេះ ព្រះអង្គជាសិស្សគណផ្ទាល់របស់ព្រះគ្រូវជិរប្បញ្ញោ សាន សុជា ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានច្រើន តែពុំសូវមានអ្នកចែករំលែកបន្តច្រើនប៉ុន្មានទេ ។ ទំព័រហ្វេសប៊ុកព្រះអង្គមានសារថា «ផេកនេះបង្កើតឡើងគឺដើម្បីផ្សព្វផ្សាយចំណេះដឹង អត្ថបទអប់រំ និងមេរៀនព្រះធម៌» ។

១១. ព្រះសង្ឃាភិរ័ត ភិន វុទ្ធី (ភទ្ទបិណ្ឌិតោ)
https://www.facebook.com/PhinVouthy

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៩,៤ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១១ដដែល មានចំនួនកើនឡើងច្រើនគួរឲ្យកត់សម្គាល់គឺជាង ៧ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (២,២៩ ម៉ឺននាក់) ។

ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះរាជាគណៈថ្នាក់កិត្តិយស (តាមនាមខាងដើម) ជាព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ និងជាថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍ (តាកែវ ត្បូងឃ្មុំ និងព្រះសីហនុ) ដែលមានព្រះធម្មវិជ្ជា ជួន កក្កដា ជាសហធម្មិក ។ ព្រះអង្គធ្លាប់មានវត្តមាននៅវត្តខ្មែរសាមគ្គីសន្តិការាម រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាម៉េរិក ។ តែបើយោងតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះអង្គបានផ្លាស់ទីតាំង ទៅគង់នៅទីក្រុងបាងកក ប្រទេសថៃ ។ តែប៉ុន្មានថ្ងៃមុននោះ (២៤ កុម្ភៈ) ព្រះអង្គបានបង្ហោះវីដេអូមួយ ដោយមានសេចក្តីរៀបរាប់ថា «ញាតិញោមគាត់ប្រគេនភេសជ្ជៈទុកឆាន់ នៅកម្ពុជាក្រោម» ។

វីដេអូសកម្មភាពនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ គឺភាគច្រើនជាការផ្សាយផ្ទាល់នូវធម្មទេសនាតាមកម្មវិធីបុណ្យនានា និងការផ្សាយផ្ទាល់របស់វិទ្យុពន្លឺត្រៃរតន៍ ។ ព្រះអង្គត្រូវបាននិមន្តឲ្យចូលជាវាគ្មិនក្នុងនាទី៖ ទស្សនព្រះពុទ្ធសាសនា និងសង្គម ប្រធានបទ៖ កម្មក្កិលេស (សិង្គាលកសូត្រ) (១១ ឧសភា ២០២០) និងប្រធានបទ៖ គុណវិបត្តិនៃការដើរខុសកាលរឿយៗ (សិង្គាលកសូត្រ) (២៥ ឧសភា ២០២០) របស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាម៉េរិក ។

១២. ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ
https://www.facebook.com/reahul.komar

បង្កើតគណនីហ្វេសប៊ុកនៅខែកុម្ភៈ ឆ្នាំ២០០៩ ព្រះអង្គមានអ្នកតាមដានចំនួន៖  ៩ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១២ថ្មី ។ កាលពីការចុះផ្សាយឆ្នាំ២០២០ ទំព័រហ្វេសប៊ុក «ហាក់ សៀងហៃ» ត្រូវបានជ្រើសរើស ហើយស្ថិតនៅលំដាប់ទី១៣ចុងក្រោយគេ ដោយមានអ្នកតាមដានជាង ១,៥ ម៉ឺននាក់ នាកាលនោះ ។

ជាអ្នកស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសភូមា និងស្រីលង្កា ។ បច្ចុប្បន្ន ព្រះអង្គជាស្ថាបនិកនិងប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ហៅកាត់ថា ពអក ដែលមានទីតាំង៖ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ព្រះអង្គមានសមណសក្តិជា ព្រះបញ្ញាមុនីញាណ ព្រះរាជាគណៈថ្នាក់កិត្តិយស ។

ព្រះអង្គសកម្មច្រើននៅលើបណ្ដាញសង្គម ដោយឃើញមានការបង្ហោះចែករំលែកជាប់ស្ទើររាល់ថ្ងៃ ប៉ុន្តែភាគច្រើនព្រះអង្គចែករំលែកការបង្ហោះរបស់ទំព័រហ្វេសប៊ុកអង្គការពអក ដែលមានអ្នកតាមដានរហូតចំនួនជាង ១,១ លាននាក់ ។ ព្រះអង្គក៏មានប្រជាប្រិយណាស់ដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលព្រះតេជព្រះគុណញាតិញោមបងប្អូនតែងតាមដាន ដែលភាគច្រើននៅទំព័រហ្វេសប៊ុករបស់អង្គការពអក ។ ដូច្នេះសកម្មរបស់ពអកបង្ហាញពីសកម្មរបស់ព្រះអង្គផ្ទាល់ តាមរយៈការអប់រំសីលធម៌ប្អូនៗសិស្សានុសិស្ស និងការផ្ដល់អំណោយទានសង្គ្រោះដល់ជនទីទាល់ក្រនិងជនចាស់ជរាជាដើម ។

ក្នុងវ័យ ៣០ ក្រាស់ ព្រះអង្គជាព្រះសង្ឃខ្មែរដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ ហើយបានបង្រៀនធម៌ជាភាសាអង់គ្លេស ដល់ព្រះសង្ឃក្នុងវត្ត និងឡាយផ្ទាល់តាមហ្វេសប៊ុកទៀតផងតាមរយៈកម្មវិធី «ព្រះធម៌អង់គ្លេស» ឬ Dhamma in English ។ ប៉ុន្តែយើងសង្កេតឃើញថា សកម្មភាពបង្រៀននេះត្រូវបានផ្អាក ឬថាមិនសូវសកម្មដូចមុនទៀតទេ ។ តែព្រះអង្គសកម្មជាងមុន ក្នុងការនិមន្តចូលរួម ក្នុងកម្មវិធីសន្និសីទឬសិក្ខាសាលាពុទ្ធសាសនាអន្តរជាតិនានា លើពិភពលោក ។

ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយ ឬថាជាឆ្នាំមានរាសីឡើងខ្លាំងសម្រាប់ព្រះអង្គគឺថា ព្រះអង្គត្រូវបានតែងតាំងជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ ហើយប៉ុន្មានសប្ដាហ៍ក្រោយមក ព្រះអង្គបានទទួលអំណោយជារថយន្តទំនើបម៉ាក Mazda CX-9 មួយគ្រឿងពីរាជការខ្មែរ ដើម្បីសម្រួលដល់ការងាររបស់ព្រះអង្គ ។ តែការណ៍នេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមមហាជនមិនតិចដែរ ។

១៣. ព្រះមហា ចារ សំសារ៉ូន សន្តិបាលភិក្ខុ
https://www.facebook.com/Jaasaroun7

បង្កើតទំព័រហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៥,៨០ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៣ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

គង់នៅខេត្តបាត់ដំបង ព្រះមហាចារ សំសារ៉ូន ជាអនុប្រធានការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ និងជាសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង ។ កាលពីឆ្នាំ២០២១ ព្រះអង្គបានដកស្រង់រៀបរៀងសៀវភៅប្រកបដោយអត្ថន័យមួយក្បាលគឺ «ព្រះគុណម៉ែ» ។
 
ទំព័រហ្វេសប៊ុករបស់ព្រះអង្គ ដែលមានសារថា «ផ្សព្វផ្សាយព្រះធម៌​ ដើម្បីសេចក្តីសុខស្ងប់», ឆ្លុះបញ្ចាំងពីសកម្មភាពរបស់ព្រះអង្គ ក្នុងនាមជាគណៈគ្រប់គ្រងអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអក) ។ ព្រះមហាសំសារ៉ូនមានចំណេះដឹងវោហារបកស្រាយធម៌អប់រំកុមារនិងយុវជន គួរឲ្យជ្រះថ្លា ។

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ព្រះតេជព្រះគុណបណ្ឌិតមានអ្នកតាមដានចំនួន៖ ៣,៨ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៤ ថ្មី ធ្លាក់ពីទី១០ មានចំនួនកើនឡើងប្រមាណ ៥ ពាន់នាក់ បើធៀបនឹងឆ្នាំ២០២០ (៣,២ ម៉ឺននាក់) ។

ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណជាអតីតសមណនិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យដែល្លី ប្រទេសឥណ្ឌា ។ ព្រះអង្គបានកសាងវត្តខ្មែរកាណាដា នៅទីក្រុងម៉ុងរេអាល់ និងបានបើកសាលាបង្រៀនអក្សរសាស្ត្រជាតិ សិល្បៈខ្មែរ ដល់កុមារា-កុមារី ជាច្រើនឆ្នាំ ក្នុងគោលដៅបណ្ដុះបណ្ដាល «ទំពាំងស្នងឫស្សី» ឲ្យមានឧត្តមគតិរក្សាតម្លៃជាតិមាតុភូមិ ។ ព្រះតេជព្រះគុណបណ្ឌិតគង់នៅទីនោះជាអចិន្ត្រៃយ៍ ។ នៅទីនោះព្រះអង្គបានរៀបរៀងសៀវភៅធម៌ជាច្រើនក្បាលទៀតផង ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រះតេជព្រះគុណបណ្ឌិតធ្លាប់សរសេរជាអត្ថបទវិភាគព្រះធម៌និងបញ្ហាសង្គមនិងនយោបាយ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គជាប្រចាំ ។ ប៉ុន្តែបច្ចុប្បន្ន ព្រះតេជព្រះគុណបណ្ឌិតបានធ្វើការផ្សាយផ្ទាល់ប្រចាំថ្ងៃតែម្ដង ដើម្បីស្របតាមនិន្នាការអ្នកប្រើប្រាស់ ។ ព្រះតេជព្រះគុណបណ្ឌិតបានតែងនិពន្ធនិងរៀបចំថតចម្រៀងព្រះពុទ្ធសាសនាបានជាច្រើនបទផងដែរ ។ ព្រះតេជព្រះគុណបណ្ឌិតមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.hoksavann.org ។

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៣,៧ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៥ថ្មី ធ្លាក់ពីទី១២ តែមានចំនួនកើនឡើងជាង ១,៥ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (២,១៨ ម៉ឺននាក់) ។ 

ព្រះអង្គជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណរាជធានីភ្នំពេញ គង់នៅវត្តបទុមវតី ។ ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យឯកជនដ៏ល្បីល្បាញមួយ និងជាអនុ​ប្រធា​នផ្នែក​ពុ​ទ្ធិក​មធ្យម​សិក្សា​នៃ​អគ្គា​ធិ​​ការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ រាជធានីភ្នំពេញ ។ ហើយកាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ ព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងពេលជាមួយគ្នានឹងព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាពដែរ ។

តាមការពិនិត្យទំព័រហ្វេសប៊ុក ព្រះអង្គមិនសូវជាសកម្មប៉ុន្មានដែរទេ ។ ភាគច្រើនព្រះអង្គចុះផ្សាយវីដេអូអប់រំចិត្តខ្លីៗ ដែលសម្ដែងក្នុងកម្មវិធីបុណ្យទាន ឬជាវាគ្មិនតាមកម្មវិធីសាធារណៈនានា ។ ព្រះអង្គក៏ជាវាគ្មិនមានប្រជាប្រិយមួយរូបផងដែរ ក្នុងចំណោមបញ្ញវន្តសង្ឃខ្មែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment