ព្រះសង្ឃឡាម៉ានិមន្តទទួលចង្ហាន់នៅវត្តខ្មែរពារាណសី ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៣᧱៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៧ មីនា ២០២៣
សារព័ត៌មានទីបេត៍បានរាយការណ៍ថា របាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅមុនថ្ងៃទិវាភាសាអន្តរជាតិនៅថ្ងៃទី២១ ខែកុម្ភៈបានបកបង្ហាញពីស្ថានភាពពិតនៃការគៀបសង្កត់លើជនជាតិទីបេត៍ ដែលអនុវត្តដោយបក្សកុម្មុយនិស្តចិន ក្នុងទម្រង់នៃការរំលាយអត្តសញ្ញាណទីបេត៍ដោយបង្ខិតបង្ខំ ទៅក្នុងអត្តសញ្ញាណជនជាតិហាន-ចិន ។
របាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣ និយាយអំពីកុមារទីបេត៍មួយលាននាក់ ដែលត្រូវបានអាជ្ញាធរចិនបំបែកចេញពីគ្រួសាររបស់ពួកគេ ហើយដាក់នៅក្នុងសាលាបង្រៀនដែលគ្រប់គ្រងដោយរដ្ឋាភិបាល ។
អ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍របស់ពួកគេថា «យើងមានការព្រួយបារម្ភចំពោះអ្វីដែលមើលទៅដូចជាគោលនយោបាយនៃរំលាយអត្តសញ្ញាណទីបេត៍ដោយបង្ខិតបង្ខំ ទៅក្នុងជនជាតិហាន-ចិនដែលជាជនជាតិភាគច្រើន តាមរយៈសកម្មភាពគៀបសង្កត់ជាបន្តបន្ទាប់ប្រឆាំងនឹងស្ថាប័នអប់រំសាសនា និងភាសាទីបេត៍» ។
អាជ្ញាធរចិននៅទីបេត៍កំពុងប្រើប្រាស់ប្រព័ន្ធសិក្សាតាមលំនៅឋាន ជាឧបាយកលដើម្បីរំលាយប្រជាជនទីបេត៍ ទាំងវប្បធម៌ សាសនា និងភាសា ជាមួយនឹងអត្តសញ្ញាណជនជាតិហាន ។
អ្នកជំនាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការរំខានយ៉ាងខ្លាំង ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រព័ន្ធសាលារៀនលំនៅដ្ឋានសម្រាប់កុមារទីបេត៍ហាក់ដូចជាដើរតួជាកម្មវិធីខ្នាតធំចាំបាច់ ដែលមានបំណងបញ្ចូលជនជាតិទីបេត៍ ទៅក្នុងវប្បធម៌ហានភាគច្រើន ដែលផ្ទុយនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ» ។
របាយការណ៍របស់អ្នកជំនាញបង្ហាញថា ការផ្សព្វផ្សាយសាលារៀនលំនៅដ្ឋានទាំងនេះនៅទីបេត៍ គឺជាផ្នែកមួយនៃការឃុបឃិតរបស់ចិន ដើម្បីបំផ្លាញអត្តសញ្ញាណ និងវប្បធម៌ទីបេត៍ ។ សាលារៀនលំនៅដ្ឋានបែបនេះបានរីកដុះដាលនៅក្នុង និងក្រៅតំបន់ស្វយ័តទីបេត៍ ដោយភាគច្រើននៃកុមារទីបេត៍កំពុងសិក្សានៅទីនោះ ។ ហើយចំនួនរបស់ពួកគេកំពុងកើនឡើង ។
មេដឹកនាំកុម្មុយនិស្តចិនមានបំណងចង់បំផ្លាញវប្បធម៌ និងភាសារបស់ជនជាតិទីបេត៍ និងរបៀបរស់នៅរបស់ប្រជាជនទីបេត៍ ព្រោះពួកគេគិតថា នោះជាមធ្យោបាយតែមួយគត់ដែលប្រជាជនទីបេត៍អាចផ្តាច់ចេញពីជំនឿដ៏ជ្រាលជ្រៅរបស់ពួកគេលើព្រះពុទ្ធសាសនា ។ សារព័ត៌មាន Tibetan Press បានរាយការណ៍ថា សម្រាប់មេដឹកនាំចិនដែលមិនចេះអត់ធ្មត់ ជំនឿសាសនាគ្រប់ប្រភេទគឺទុកដូចជាក្រមាក្រហមនិងគោជល់ ។
ព្រះពុទ្ធសាសនាគឺមិនអាចបំបែកចេញពីភាសា វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនទីបេត៍ឡើយ ។ សញ្ញាសម្គាល់នៃព្រះពុទ្ធសាសនា ក្នុងមាគ៌ាជីវិតរបស់ទីបេត៍គឺត្រូវបានគេសម្គាល់បាន តាំងពីកំណើតរហូតដល់ស្លាប់របស់បុគ្គលម្នាក់ៗ ។ ពេលកូនកើតមក ឪពុកម្តាយធ្វើពិធីប្រសូតដោយធ្វើចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ និងចែកអាហារដល់ជនក្រីក្រ ។ សង្ឃឡាម៉ាត្រូវបាននិមន្តឲ្យធ្វើពិធីសាសនានៅផ្ទះដែលកូននោះកើតមក ។ ជាធម្មតា កូនទី២ក្នុងគ្រួសារតែងបញ្ជូនទៅបួសជាព្រះសង្ឃ ។
នៅពេលដែលកងទ័ពចិនបានឈ្លានពានទីបេត៍ក្នុងឆ្នាំ១៩៥០ ពួកគេបានមើលឃើញថា ព្រះពុទ្ធសាសនាជាកម្លាំងបង្រួបបង្រួមប្រជាជនទីបេត៍ទាំងអស់ ហើយសម្តេចសង្ឃដាឡៃឡាម៉ាគឺជានិមិត្តសញ្ញានៃការរួបរួមនេះ ។ មេដឹកនាំចិនបានរុះរើសាសនាព្រះពុទ្ធជាប្រព័ន្ធ ដោយកំណត់គោលដៅលើព្រះសង្ឃ មិនខុសអាជ្ញាធរវៀតណាមធ្វើចំពោះប្រជាជនខ្មែរក្រោមប៉ុន្មានទេ ។
វត្តអារាមមួយចំនួនធំនៅទីបេត្រូវបានបំផ្លាញទាំងស្រុង ។ សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៩ រួមជាមួយនឹងជនជាតិទីបេត៍មួយចំនួនធំ ។ សារព័ត៌មាន Tibetan Press បានរាយការណ៍ថា រហូតមកដល់ពេលថ្មីៗនេះ ព្រះសង្ឃប្រហែល ១៥០ អង្គនៅទីបេត៍ត្រូវបានដុតខ្លួនឯង ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងការវាយប្រហារលើសាសនារបស់ខ្លួន ។
ការបំផ្លាញ និងលុបបំបាត់ការប្រតិបត្តិពិសេសដោយឡែកនៃព្រះពុទ្ធសាសនាទីបេត៍ គឺជាចំណុចសំខាន់នៃគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការលុបបំបាត់ការតស៊ូរបស់ជនជាតិទីបេត៍ ចំពោះការគ្រប់គ្រងរបស់ខ្លួន ។ គ្រប់ទិដ្ឋភាពទាំងអស់នៃពុទ្ធសាសនាទីបេត៍ គឺជាកម្មវត្ថុនៃការជ្រៀតជ្រែករបស់រដ្ឋ ។
ដោយបានបរាជ័យក្នុងការបំបែកប្រជាជនទីបេត៍ឲ្យឆ្ងាយពីជំនឿព្រះពុទ្ធសាសនា បន្ទាប់ពីជាង ៧០ ឆ្នាំនៃការកាន់កាប់ទីបេត៍ដោយខុសច្បាប់ ចិនកុកងឺនៃបក្សកុម្មុយនិស្តចិន មានគំនិតបម្លែងព្រះពុទ្ធសាសនាឲ្យទៅជាលក្ខណៈចិន ។ ចេតនាពិតប្រាកដនៅពីក្រោយគំនិតនេះ គឺចង់ជ្រៀតជ្រែកក្នុងដំណើរការជ្រើសរើសសម្តេចសង្ឃ ដាឡៃ ឡាម៉ា បន្ទាប់ និងចាប់បង្ខំប្រជាជនទីបេត៍ ឲ្យទទួលយក ដាឡៃ ឡាម៉ា តាមជម្រើសរបស់ពួកគេ (ចិន) ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment