សំស្ក្រឹតវិទូជួបសំស្ក្រឹតវិទូនៅដែនកុរុ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, March 07, 2023

សំស្ក្រឹតវិទូជួបសំស្ក្រឹតវិទូនៅដែនកុរុ

នៅគណនីហ្វេសប៊ុក ព្រះមហា ហ៊ុំ សុទ្ធា បានបង្ហោះរូបថតជាមួយសាស្ត្រាចារ្យ បណ្ឌិត ឧបេន្ទ្រ វ៉ាវ អមដោយរូបភាពសៀវសំស្ក្រឹតជាងម្ភៃក្បាល ។

លោកវិទូ | ថ្ងៃ ៣᧱៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៧ មីនា ២០២៣

ពឹង​ព្រាង​ស្វាង​ជ្រះ​ព្រះ​សុរិយាថ្ងៃនេះ សំស្ក្រឹតវិទូខ្មែរបានជួបនឹងសំស្ក្រឹតវិទូឥណ្ឌា នាដែនកុរុ ឬកុរុរដ្ឋ ដែលជាឈ្មោះសម័យពុទ្ធកាលរបស់ទីក្រុងញូវដែល្លី ។ តាមធម្មតា អ្នកប្រមឹកជួបគ្នាតែងបន្សល់នូវកំប៉ុងប៊ីយ៉ាឬដបស្រា រីឯអ្នកប្រាជ្ញមានប្រាជ្ញាបន្សល់នូវទ្រឹស្តី បណ្ដុះនិស្ស័យដល់មហាជន ។ តើជាទ្រឹស្តីអ្វីទៅ?

ព្រះតេជគុណ មហា ហ៊ុំ សុទ្ធា សាស្ត្រាចារ្យសំស្ក្រឹត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទីក្រុងភ្នំពេញ បានជួបសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យ ឧបេន្ទ្រ រ៉ាវ នៃសាកលវិទ្យាល័យហ្សាវ៉ាឡាលនេហ៍រូ ទីក្រុងញូវដែល្លី នៅវត្តកុរុរដ្ឋខេមរារាម ហៅវត្តខ្មែរញូវដែល្លី ។ «អរុណោទ័យសួស្តីធម្មមហាមិត្រនិងប្រិយមិត្រជាទីស្រឡាញ់» ជាប្រយោគស្វាគមន៍របស់ព្រះមហា ចំពោះអ្នកតាមដានគណនីហ្វេសប៊ុករបស់ព្រះអង្គ ។

ក្រោយជំនួបនេះ ព្រះមហាបានបន្សល់ទុកជ្រុងមួយនៃគំនិតដែលថា «មានតែអ្នកប្រមឹកស្រាទេ ទើបបានដឹងថា ការស្រវឹងមានសភាពដូចម្ដេច» ក្រោយបានសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យឥណ្ឌាខាងលើ ។ ដើម្បីសបញ្ជាក់ពីអត្ថន័យនៃគំនិតនេះ ព្រះមហាបន្ថែមគាថាសំស្ក្រឹតមួយគាថាយ៉ាងដូច្នេះថា៖

गुणी गुणं वेत्ति न वेत्ति निर्गुणो,
बली बलं वेत्ति न वेत्ति निर्बल: ।
पिको वसन्तस्य गुणं न वायस:
करी च सिंहस्य बलं न मूषक: ॥

[គុណិ គុណម វេត្តិ ន វេត្តិ និគ៌ុណោ,
ពាលិ ពាលម វេត្តិ ន វេត្តិ និព៌លៈ ។ 
បិកោ វសន្តស្យ គុណម ន វាយសៈ 
កវិ ចា សិម្ហស្យ ពលម ន មូសកៈ ៕]
(លោកវិទូប្រែជាអក្សរខ្មែរ)

មានសេចក្តីសម្រាយជាខេមរភាសាថា៖

«មានតែមនុស្សអ្នកមានគុណតម្លៃទេ ទើបស្គាល់នូវគុណតម្លៃ, មនុស្សដែលគ្មានគុណតម្លៃ មិនស្គាល់ទេ។ មានតែមនុស្សអ្នកមានកម្លាំងទេ ទើបស្គាល់នូវកម្លាំង, មនុស្សដែលគ្មានកម្លាំង មិនស្គាល់ទេ ។ មានតែសត្វតាវ៉ៅទេ ទើបស្គាល់នូវគុណតម្លៃនៃវសន្តរដូវកាល សត្វក្អែកមិនស្គាល់ទេ ។ មានតែសត្វដំរីទេ ទើបស្គាល់នូវកម្លាំងរបស់សត្វសីហៈ សត្វកណ្ដុរ មិនស្គាល់ទេ ៕» (ចាកសុភាសិត)

ព្រះមហាបានពន្យល់ខ្លឹមសារនៃគាថាសំស្ក្រឹតនេះយ៉ាងដូច្នេះថា៖

«មនុស្សយើងម្នាក់ៗ មិនមែនចេះតែអាចដឹងនូវរឿងរ៉ាវគ្រប់បែបយ៉ាងក្នុងលោកទាំងអស់បានទេ ។ យើងអាចដឹងនូវរឿងរ៉ាវខ្លះៗបានត្រឹមតែតាមរយៈចំណេះ ជំនាញ និងបទពិសោធន៍ទាំងឡាយ ដែលយើងធ្លាប់បានឆ្លងកាត់មកតែប៉ុណ្ណោះ ។ ជាក់ស្ដែង ជាងមាស ទើបស្គាល់នូវប្រភេទនៃមាស និងតម្លៃរបស់វា, យើងមិនមែនជាជាងមាស ធ្វើម្ដេចនឹងដឹងបានទៅហ៎។ ម្យ៉ាងទៀត មានតែពួកបញ្ញវន្តទេ ដែលគេស្គាល់អំពីបញ្ញវន្តដូចគ្នា ៕»

ព្រះមហាឧត្តមវិរិយោ ហ៊ុំ សុទ្ធា ជាបញ្ញវតន្តសង្ឃមួយអង្គ ដែលមានចំណេះដឹងជ្រៅជ្រះខាងសំស្ក្រឹត ហើយបានរៀបរៀងជាសៀវភៅមួយចំនួនទៀតផង ដើម្បីទុកជាក្បួនខ្នាត សម្រាប់សមណនិស្សិតសិក្សាសៀវជ្រាវផ្នែកនេះ ។ កាលពីចុងឆ្នាំ២០២២កន្លងទៅ ព្រះមហាបានសម្ភោធសៀវភៅក្បួនវេយ្យាករណ៍សំស្ក្រឹត «ប្រវេសិកា» ដែលព្រះអង្គបានរៀបរៀង ។

ពេលនេះព្រះអង្គកំពុងមានវត្តមាននៅជម្ពូទ្វីប ក្នុងដំណើរធម្មយាត្រាតាមពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា និងនេប៉ាល់ ហើយកំពុងស្នាក់នៅវត្តកុរុរដ្ឋខេមរារាម ជាយទីក្រុងញូវដែល្លី ។

ដោយឡែកសាស្ត្រាចារ្យ ឧបេន្ទ្រ រ៉ាវ ជាសំស្ក្រឹតវិទូដ៏លេចធ្លោមួយរូប នៅប្រទេសឥណ្ឌាផងដែរ ។ លោកសាស្ត្រាចារ្យបានតែងនិពន្ធសៀវភៅសំស្ក្រឹតជាងម្ភៃក្បាល មាន «ពុទ្ធស្តុតិះ» (ជាកំណាព្យសំស្ក្រឹតស្តីពីព្រះពុទ្ធជាម្ចាស់ អបដោយខេមរភាសា) ជាដើម ។

គាត់មានឯកទេសខាងអក្សរសាស្ត្រសំស្ក្រឹត បាលី កំណាព្យ និងអក្សរសាស្ត្រពុទ្ធសាសនាសម័យដើម ។ នាមរបស់លោកសាស្ត្រាចារ្យមិនជាថ្មីទេ សម្រាប់សមណនិស្សិតនៅពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា ។ គាត់ធ្លាប់បង្រៀនសំស្ក្រឹតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងនាមជា ICCR Chair នៃរដ្ឋាភិបាលឥណ្ឌា ក្នុងកំឡុងឆ្នាំ២០១៦ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment