ព្រះទេវីរាធា និង ព្រះក្រឹស្ណៈ កំពុងលេងហោលី ។ រូបភាព៖ វីគីភីឌា |
លោកវិទូ | ថ្ងៃ ៤᧲៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៨ មីនា ២០២៣
ហោលី ឬហូលី (Holi) ត្រូវបានគេស្គាល់ផងដែរថា ជាពិធីបុណ្យនៃពណ៌ ពិធីបុណ្យនិទាឃរដូវ និងពិធីបុណ្យនៃសេចក្តីស្រឡាញ់ គឺជាពិធីបុណ្យដ៏ពេញនិយម និងសំខាន់មួយនៅក្នុងសាសនាហិណ្ឌូ ។ បុណ្យនេះត្រូវបានប្រារព្ធចំពោះសេចក្តីស្នេហាអមតៈរបស់ព្រះទេវីរាធា និង ព្រះក្រឹស្ណៈ ។
ថ្ងៃបុណ្យហោលីក៏ជាសញ្ញានៃជ័យជំនះ នៃអំពើល្អលើអំពើអាក្រក់ផងដែរ ព្រោះវាជាថ្ងៃរំឭកដល់ជ័យជំនះរបស់ព្រះវិស្ណុ ក្នុងរូបភាពជា រនសិង្ហ (អវតាសីហៈ) លើយក្សហិរណ្យកសិបុ ។ បុណ្យនេះមានដើមកំណើត និងត្រូវបានប្រារព្ធដោយមានភាពអឹកអាធឹកក្រៃលែង នៅក្នុងឧបទ្វីបឥណ្ឌា ប៉ុន្តែវាក៏បានរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៃទ្វីបអាស៊ី និងផ្នែកខ្លះនៃពិភពលោកខាងលិចផងដែរ តាមរយៈជនអន្តោប្រវេសន៍ឥណ្ឌា ។
ហោលីប្រារព្ធការមកដល់នៃនិទាឃរដូវ នៅក្នុងប្រទេសឥណ្ឌា ចុងបញ្ចប់នៃរដូវរងារ និងជាទិវាចែករំលែកសេចក្តីស្រឡាញ់ ។ ហើយសម្រាប់មនុស្សភាគច្រើន វាជាថ្ងៃបុណ្យមួយដើម្បីជួបជុំមិត្តភក្តិ លេងសើច បំភ្លេចរឿងអាក្រក់ចាស់ៗ និងអភ័យទោសឲ្យគ្នា ក៏ដូចជាជួសជុលទំនាក់ទំនងដែលប្រេះស្រាំ ។ ពិធីបុណ្យនេះក៏ជាការបួងសួង ឲ្យរដូវប្រមូលផលនានិទាឃរដូវបានផលល្អផងដែរ ។ វាមានរយៈពេលមួយយប់និងមួយថ្ងៃ ដោយចាប់ផ្តើមនៅពេលល្ងាចនៃពេញបូណ៌មី (ថ្ងៃព្រះច័ន្ទពេញវង់) ត្រូវនឹងខែផល្គុនតាមប្រតិទិនហិណ្ឌូ ដែលត្រូវនឹងពាក់កណ្តាលខែមីនា នៅក្នុងប្រតិទិនសកល ។
នាពេលព្រឹកឡើងនៃបុណ្យហោលី មនុស្សម្នានិយមលេងលាបពណ៌ និងជ្រលក់ពណ៌គ្នាទៅវិញទៅមក ។ កាំភ្លើងបាញ់ទឹក និងប៉េងប៉ោងទឹក តែងតែត្រូវបានប្រើប្រាស់ដើម្បីលេង និងលាបពណ៌គ្នាទៅវិញទៅមក នរណាក៏ដោយ និងទីណាក៏ដោយ គេមិនសូវប្រកាន់ទេ ។
ជាញឹកញាប់ ក្រុមមនុស្សយកស្គរ និងឧបករណ៍ភ្លេងផ្សេងទៀត រាំច្រើនពីកន្លែងមួយទៅកន្លែងមួយ ។ ពេញមួយថ្ងៃ ប្រជាជនឥណ្ឌាទៅលេងគ្រួសារ ហើយមិត្តភ័ក្តិ និងអ្នកធ្លាប់ជាសត្រូវផងដែរ មកជុំគ្នាដើម្បីជជែកគ្នាលេង ទទួលទានអាហារ និងភេសជ្ជៈ ជុំគ្នាប្រកបភាពរីករាយ និងភាតរភាព ។
សម្រាប់និស្សិតអន្តរជាតិ នៅប្រទេសឥណ្ឌាវិញ ក្នុងថ្ងៃនេះ នៅបរិវេណសាកលវិទ្យាល័យខ្លះ ត្រូវបានបិទទ្វាររបង ការពារអ្នកស្រុកចូលទៅលេង នាំរំខានដល់ពួកគេ ។ ប៉ុន្តែក៏មាននិស្សិតបរទេសជាច្រើននិយមចូលលេងសប្បាយលាបពណ៌គ្នា ក្នុងចំណោមពួកគេ ឬជាមួយនិស្សិតឥណ្ឌាទូទៅផងដែរ ។ វាជាបទពិសោធន៍នៅឥណ្ឌាមួយ ដែលនិស្សិតបរទេសគួរសាកល្បង ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment