សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសម្ព័ន្ធ ២ យ៉ាងនឹងជម្ពូទ្វីប - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, March 11, 2023

សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសម្ព័ន្ធ ២ យ៉ាងនឹងជម្ពូទ្វីប

សម្ដេចព្រះសង្ឃរាជ (ឆ្វេង) និងព្រាហ្មណ៍ មហន្ត (ស្ដាំ)

លោកវិទូ | ថ្ងៃ ៧᧵៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១១ មីនា ២០២៣

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ (១៨៨៣-១៩៦៩) សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ បានជួបព្រិត្តិការណ៍យ៉ាងហោចណាស់ពីរសំខាន់ ដែលផ្សារភ្ជាប់បទពិសោធន៍ ឬជាសម្ព័ន្ធរបស់ព្រះអង្គទៅនឹងជម្ពូទ្វីប ។ ទី ១ ព្រះអង្គបានរៀនសូត្រភាសាសំស្ក្រឹតដំបូងពីជនជាតិក្លិង្គនៅភ្នំពេញ និងទី ២ ព្រះអង្គបានយាងធ្វើធម្មយាត្រាទៅជម្ពូទ្វីប ហើយបានជួបនឹងព្រាហ្មណ៍មហន្ត នៅពុទ្ធគយា ។

ប្រវត្តិរឿងរ៉ាវដែលថា សម្ដេចព្រះសង្ឃរាជបានរៀនភាសាសំស្ក្រឹតពីក្លិង្គនោះ មានសរសេរនៅក្នុងសៀវភៅ «កល្យាណមិត្តរបស់ខ្ញុំ» របស់សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត (១៨៩២-​១៩៧៥) ព្រះសង្ឃរាជគណៈមហានិកាយ ក្នុងឆ្នាំ ១៩៧០ ក្រោយពីសម្តេចព្រះសង្ឃរាជ ជួន ណាត បានសោយទីវង្គតទៅ ក្នុងឆ្នាំ ១៩៦៩ ។ ព្រះអង្គបានតំណាលថា៖

ថ្ងៃមួយ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត នៅទីកុដិរបស់លោក, បានឃើញជនជិតក្លិង្គម្នាក់ សម្បុរខ្មៅឈ្មោះ ឧទម្ពៃ ស្ពាយធុងសណ្ដែងដី ដើរស្រែកពពាយនាយលក់សណ្ដែកដីក្នុងវត្ត ។ លោកបានស្រែកហៅក្លិង្គនោះឲ្យចូលទៅជួប ហើយលោកបានសួរថា «អ្នកចេះសំស្ក្រឹតទេ?» ក្លិង្គនោះថា «ចេះ» ។ លោកក៏សុំឲ្យក្លិង្គនោះបញ្ចេញសម្លេងសំស្ក្រឹតលមើល ។ ក្លិង្គនោះក៏ចាប់សូត្រគាថាខ្លះដែលគាត់ចេះចាំ ។ គាត់សូត្រយ៉ាងរលាក់រលែក ធ្វើកាយវិការតាមថ្នាក់ដែលរលាក់រលែកនោះ ។ ក្លិង្គនោះចេះទាំងសរសេរអក្សរទេវនាគរី ដែលសម្រាប់សរសេរភាសាសំស្ក្រឹតផងទៀត ។

 

លោកគ្រូ ព្រះសង្ឃសត្ថា សុំឲ្យក្លិង្គនោះជួយបង្រៀនអក្សរទេវនាគរី និងភាសាសំស្ក្រឹត ។ ក្លិង្គនោះក៏ពេញចិត្តមកជួយបង្រៀន ។ ក្នុងពេលនោះ លោកបានបបួលខ្ញុំឲ្យទៅរៀនអក្សរទេវនាគរីនិងភាសាសំស្ក្រឹតជាមួយនឹងលោកទៀត ។ ខ្លួនខ្ញុំនិងលោកគ្រូ ព្រះសង្ឃសត្ថា ជួន ណាត បានរៀនពីសំណាក់ក្លិង្គឈ្មោះ ឧទម្ពៃ នោះ ដរាបដល់បានចេះអាន ចេះសរសេរអក្សរទេវនាគរីព្រមទាំងបានចេះភាសាសំស្ក្រឹតខ្លះៗ ។

សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានបញ្ជាក់ទៀតថា៖

ការចេះខ្លះនូវអក្សរនិងភាសាសំស្ក្រឹតនេះ ជាបុព្វហេតុនាំឲ្យខ្ញុំ និងលោកគ្រូ ព្រះសង្ឃសត្ថា ជួន ណាត បានត្រូវរាជការបញ្ជូនឲ្យទៅសិក្សាភាសាសំស្ក្រឹតបន្តទៅទៀត ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅចុងបូព៌ាប្រទេស ឯក្រុងហាណូយ នៅក្នុងឆ្នាំ ១៩២២ ។


ព្រះអង្គយាងធ្វើធម្មយាត្រាទៅពុទ្ធស្ថានប្រទេសឥណ្ឌា និងជួបព្រាហ្មណ៍ មហន្ត


នៅក្នុងខ្សែអាត់សំឡេង បកស្រាយអក្សរសាស្ត្រខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះអង្គបានរំឭកអំពីប្រវត្តិនៃការយាងទៅកាន់ប្រទេសឥណ្ឌារបស់ព្រះអង្គ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៥០ ។ នាកាលនោះ ព្រះអង្គនិងប្រតិភូខ្មែរបាននមស្ការថ្វាយបង្គំ ព្រះមហាពោធិវិហារ និងព្រះមហាពោធិព្រឹក្ស នៅពុទ្ធគយា ជាទីកន្លែងដែលព្រះសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់បានត្រាស់ដឹង ។ គួរឲ្យកត់សម្គាល់ ចំណុចនេះពុំឃើញមានដាក់បញ្ចូលនៅព្រះជីវប្រវត្តិរបស់ព្រះអង្គទេ ។


បន្ទាប់មក ព្រះអង្គបានយាងទៅជួបនឹងអ្នកបួសសាសនាព្រាហ្មណ៍ម្នាក់ គេហៅថា «មហន្ត» (អានថា មៈហាន់) នៅវាំងរបស់គាត់ នៅភូមិពុទ្ធគយា ស្រុកគយា រដ្ឋពិហារ ដែលជាមហាគ្រូធំរបស់សាសនាហិណ្ឌូ នៅក្នុងតំបន់នេះ ។ ព្រាហ្មណ៍មហន្តនេះហើយ ដែលបានគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយារបស់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់តាំងពីសតវត្សរ៍ទី ១៦ មក និងបច្ចុប្បន្ន នៅតែមានបុព្វសិទ្ធិ ធ្វើជាសមាជិកគណៈកម្មាធិការគ្រប់គ្រង ព្រះមហាពោធិវិហារទៀត ។


ព្រាហ្មណ៍មហន្តមានឫកមហិមា ដែលសម្តេចព្រះសង្ឃរាជ បានយាងទៅជួបនោះគឺឈ្មោះ ហរិហរៈ គិរិ (Harihar Giri, ១៩៣២~១៩៥៨) ។ ព្រះអង្គបានសូត្រធម៌ថ្វាយបង្គំទេពធីតា សរស្វតី (ព្រះអាទិទេពមួយរបស់ហិណ្ឌូ) ជាភាសាសំស្ក្រឹត ធ្វើឲ្យព្រាហ្មណ៍មហន្ត ហរិហរៈ គិរិ លង់ចិត្តហើយថ្វាយស្វាយពីរកញ្ច្រែងដល់ព្រះអង្គទៀតផង ។ អាចនិយាយបានថា នេះជាជំនួបដ៏មហោស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ រវាងមហាគ្រូទាំងពីរអង្គ ៕


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment