លោកស្រី វ៉ាងម៉ូ ឌីស៊ី នាយិការក្រុមប្រឹក្សាសូត្រព្រះត្រៃបិដកអន្តរជាតិ ព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ។ រូបភាព៖ ហ្វេសប៊ុក |
ព្រះសង្ឃតំណាងប្រទេសកម្ពុជានឹងទទួលរៀបចំកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ លើកទី ១៨ និង ១៩ នៅជម្ពូទ្វីប ប្រទេសឥណ្ឌា នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខនេះ ដោយគម្រោងរៀបចំកម្មវិធីបុណ្យនេះនឹងត្រូវចំណាយបច្ច័យប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក ។
យោងតាមខិត្តប័ណ្ណផ្សព្វផ្សាយរបស់ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ដែលជាតំណាងមហាសង្ឃខ្មែរ ក្នុងការរៀបចំកម្មវិធីបុណ្យនេះ បានឲ្យដឹងថា ការចំណាយសំខាន់ៗរួមមាន អាហារសម្រាប់រយៈពេល ១០ ថ្ងៃ ផ្កាស្រស់ថ្វាយព្រះពុទ្ធ និងតុបតែង ការរៀបចំតម្លើងឆាករោងតង់ ការបោះពុម្ពសៀវភៅសូធ្យ និងឯកសារផ្សេងៗ ទូរស័ព្ទ និងនាមបណ្ណពិសេស ទេយ្យទាន និងវត្ថុអនុស្សាវរីយ៍ ការតាំងពីព័ណ៌សិល្បៈវប្បធម៌ខ្មែរ និងការចំណាយផ្សេងៗទៀត ។
មានផ្ដើមតាំងពីឆ្នាំ២០០៦មក កម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយរបស់ព្រះពុទ្ធសាសនាអន្តរជាតិទូទាំងសកលលោក ដែលមានពុទ្ធបរិស័ទម្ចាស់កម្មវិធីដោយផ្ទាល់ ដែលតែងតែប្រារព្ធធ្វើឡើងប្រចាំឆ្នាំ នៅមណ្ឌលព្រះមហាពោធិព្រឹក្ស ពុទ្ធគយា ទីស្ថានត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ នៅរដ្ឋពិហារ នៃប្រទេសឥណ្ឌា ។
មហាសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទអន្តរជាតិ និមន្តនិងអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មហោស្ចារ្យនេះ មកពីច្រើនប្រទេសដូចជា កម្ពុជា ថៃ ឡាវ ភូមា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា នេប៉ាល់ ឥណ្ឌា បង់ក្លាដែស និងប្រទេសលោកខាងលិច មានសហរដ្ឋអាមេរិកជាដើម ។
ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងខិត្តប័ណ្ណនោះដែរថា «វត្ថុបំណងធំបំផុតរបស់ ITCC គឺការឧបត្ថម្ភកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ នៅលើទឹកដីកំណើតនៃព្រះធម៌ ដោយប្រមូលផ្ដុំមហាសង្ឃអន្តរជាតិ មកកាន់ដែនដីពុទ្ធភូមិ ដើម្បីបង្កើតឱកាសបំពេញបុណ្យកុសលផង និងដើម្បីញ៉ាំងឲ្យព្រះធម៌ចាប់ផ្ដើមផ្សព្វផ្សាយឡើងវិញ នាមាតុភូមិរបស់ខ្លួន ។ លើសពីនេះ ការសូធ្យព្រះត្រៃបិដក គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការពង្រឹងនូវមូលនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា» ។
ព្រោះហេតុនេះ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកក៏បានអំពាវនាវផងដែរថា «សូមពុទ្ធបរិស័ទទាំងអស់ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា ដើម្បីឧបត្ថម្ភដល់កម្មវិធីសូធ្យព្រះត្រៃបិដក» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment