សមណនិស្សិត-និស្សិតខ្មែរចំនួន ៤០ រូបបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាឆ្នាំ២០២៣ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, August 08, 2023

សមណនិស្សិត-និស្សិតខ្មែរចំនួន ៤០ រូបបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាឆ្នាំ២០២៣

ឯកអគ្គរដ្ឋទូត មន្ត្រីទូតឥណ្ឌា និងសមណនិស្សិត-និស្សិតខ្មែរ, ភ្នំពេញ ២៧ កក្កដា ២០២៣ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧷៩ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៨ សីហា ២០២៣ 

សមណនិស្សិត-និស្សិតកម្ពុជាចំនួន ៤០ រូប បានទទួលអាហារូបករណ៍ នៃរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ និងបណ្ឌិត នៅសាកលវិទ្យាល័យឥណ្ឌាល្បីៗ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ នៅក្នុងនោះ យ៉ាងហោចណាស់មានព្រះសង្ឃសមណនិស្សិតចំនួន ៥ រូបក៏បានទទួលអាហារូបករណ៍ផងដែរ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ។

នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍សមណនិស្សិត-និស្សតទាំង ៤០ រូប នៅស្ថានទូតឥណ្ឌា ។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៅក្នុងសុន្ទរកថារបស់ជំទាវបានលើកឡើងថា ការសិក្សានៅប្រទេសឥណ្ឌាគឺជាមធ្យោបាយដ៏ល្អប្រសើរមួយដើម្បីពង្រីកចំណេះដឹង មើលឃើញពិភពលោក កែលម្អសមត្ថភាពអន្តរវប្បធម៌ និងទទួលបានបទពិសោធន៍ដ៏មានតម្លៃ ។

លោកស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ទំនាក់ទំនង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​-​ឥណ្ឌា មាន​អាយុកាល​ជាង​មួយ​សហសវត្ស​មកហើយ នៅពេល​វប្បធម៌ សាសនា និង​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​បាន​សាយភាយ​ចេញពី​ប្រទេស​ឥណ្ឌា ហើយ​បាន​សាយភាយ​យ៉ាង​ឆាប់រហ័ស​ នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​អាស៊ីអាគ្នេយ៍​ ។ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ថែមថា សិស្សានុសិស្សទាំងអស់នឹងទាក់ទងនឹងភាសា វប្បធម៌ ជាដើម ប្រាកដជាទទួលបានបទពិសោធន៍ស្រដៀងគ្នារវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនោះ វគ្គវិធីផ្សាយផ្ទាល់ និងវីដេអូឃ្លីបខ្លីចំនួនបីរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឥណ្ឌា ត្រូវបានបង្ហាញសម្រាប់ការចែករំលែកបទពិសោធន៍របស់ពួកគេ សម្រាប់អ្នកសិក្សាថ្មី អមដោយវគ្គសំណួរ-ចម្លើយនៅចុងបញ្ចប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ឥណ្ឌាមានរចនាសម្ព័ន្ធទំនើបបំផុតមួយសម្រាប់ការអប់រំឧត្តមសិក្សា ។ សញ្ញាបត្រពីឥណ្ឌាត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ហើយអ្នកជំនាញដែលបានសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសឥណ្ឌាបានចូលរួមចំណែកយ៉ាងសំខាន់ ចំពោះការស្រាវជ្រាវកម្រិតខ្ពស់ និងអនុវត្តនៅក្នុងមុខវិជ្ជាផ្សេងៗគ្នាទូទាំងពិភពលោក ។ វិទ្យាស្ថានឥណ្ឌាមួយចំនួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាបានក្លាយជានិមិត្តរូបនៃឧត្តមភាពសិក្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បន្តខិតខំលើកទឹកចិត្តសិស្សានុសិស្សកាន់តែច្រើនឡើង ដើម្បីស្វែងរកឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ។

បន្ទាប់ពីអនុប្រធានាធិបតីនៃប្រទេសឥណ្ឌាបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលឥណ្ឌាបានប្រកាសបង្កើនចំនួនអាហារូបករណ៍ ពី ៣០ ទៅ ៥០ អាហារូករណ៍ សម្រាប់សមណនិស្សិត-និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment