រំឭកពីទស្សនកិច្ចសិក្សារបស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ទៅកាន់ជម្ពូទ្វីប - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, October 17, 2023

រំឭកពីទស្សនកិច្ចសិក្សារបស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ទៅកាន់ជម្ពូទ្វីប


លោកវិទូ | ថ្ងៃ ៣᧣១២ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ១៧ តុលា ២០២៣ 

តាំងពីបុរាណកាលមក ប្រទេសឥណ្ឌាជាជម្ពូទ្វីប ជាប្រភពនៃទស្សនវិជ្ជាពុទ្ធសាសនា និងចំណេះដឹងវប្បធម៌អារ្យធម៌អាស៊ីបុរាណ ។ ព្រោះហេតុនេះ អ្នកប្រាជ្ញពុទ្ធសាសនា និងអ្នកធម្មយាត្រាមកពីបណ្ដាប្រទេសនានា បានធ្វើដំណើរឆ្លង់កាត់សមុទ្រសាគរ ទៅកាន់ជម្ពូទ្វីបដើម្បីចម្លងធម៌ ។ ក្នុងន័យនេះ ព្រះភិក្ខុវីរិយបណ្ឌិតោ ប៉ាង ខាត់ បានធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវបុរាណដ្ឋានពុទ្ធសាសនានៅជម្ពូទ្វីបនេះ អស់រយៈពេល ២ ឆ្នាំ (១៩៦៣-១៩៦៥) ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង ។

សឹងតែមិនចាំបាច់ណែនាំឲ្យស្គាល់ ក៏លោកអ្នកសិក្សាខ្មែរភាគច្រើនបានដឹងដែរថា ព្រះភិក្ខុវិរិយបណ្ឌិតោ ប៉ាង ខាត់ ឬ ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ (១៩១០-១៩៧៥) ជាបញ្ញវន្តសង្ឃខ្មែរ និងជាអ្នកស្នេហាជាតិ ដ៏ល្បីឈ្មោះមួយរូប ក្នុងប្រវត្តិសាស្ត្រខ្មែរ ក្នុងនិងក្រោយសម័យអាណានិគមបារាំង រហូតដល់សម័យសាធារណរដ្ឋខ្មែរ ។ ជាងនេះទៅទៀត ព្រះមហាវិរិយបណ្ឌិតោជាក្រុមជំនុំព្រះត្រៃបិដក និងជាសាស្ត្រាចារ្យ នៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ។ ព្រះអង្គគ្មានតំណែងឬតួនាទី ក្នុងជួរមន្ត្រីសង្ឃជាន់ខ្ពស់ទេ ព្រោះលោកមិនមានប្រាថ្នាបុណ្យស័ក្តិអ្វីឡើយ តែលោកបំពេញកិច្ចការងារយ៉ាងសកម្ម ដើម្បីជាតិនិងសាសនាជាមួយព្រះសង្ឃដែលមានតួនាទីធំ ៗ ក្នុងស្ថាប័នសាសនា ។ ហើយល្បីមកថាលោកជា «សង្ឃជឿនលឿននិយម, មានចិត្តទូលំទូលាយ» ហើយជាអ្នកប្រាជ្ញខ្មែរខាងសិលាចារឹក និងប្រវត្តិសាស្ត្រពុទ្ធសាសនានៅសុវណ្ណភូមិ ។

ព្រះមហាវិរិយបណ្ឌិតោធ្លាប់បាននិមន្តធ្វើធម្មយាត្រា ទៅកាន់ជម្ពូទ្វីប កាលពីសម័យសង្គមរាស្ត្រនិយម ។ ការនិមន្តទៅនេះគឺនៅដើមខែមេសា ឆ្នាំ ១៩៦៣ តាមរយៈការបញ្ជូនរបស់ក្រសួងធម្មការ ឲ្យទៅសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនា ដោយមានលោក ឌឹក គាម ជាជំនួយការឬវេយ្យាវច្ច​ករទៅជាមួយផង ក្រោមការធានាឧបត្ថម្ភថវិកាទាំងស្រុងដោយអង្គការមូលនិធិអាស៊ី ដែលមានលោក ឡេអូណា សេ. អ៊ូវ័រតុន ជាតំណាង ។ លោក ឌឹក គាម  បានសរសេររៀបរាប់អំពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ជម្ពូទ្វីបនេះ នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ដែលមានសម្រង់សេចក្តីខ្លះៗយ៉ាងនេះថា៖

ការធ្វើដំណើរទៅប្រទេសឥណ្ឌៀ មិនមែនជាការប្លែកប៉ុន្មានទេ ដូចលោកអ្នកខ្លះធ្លាប់បានធ្វើដំណើរទៅកាន់បរទេសដែរ ។ ព្រះភិក្ខុប៉ាង ខាត់ នឹងខ្ញុំ បានដល់ភូមា ត្រូវឈប់ដំណើររង់ចាំយន្តហោះផ្សេងទៀត ។ នៅកន្លែងនោះបុគ្គលិកស្ថានឯកអគ្គរាជទូតខ្មែរយើង (លោក ឡឹក-ឆន) ទៅរង់ចាំទទួលដំណើរយើង ហើយនាំយើងមកសំណាក់អាស្រ័យនៅគេហស្ថានឯកអគ្គរាជទូតយើង ។ ឯកឧត្តមឯកអគ្គរាជទូត (ស៊ុំ-ហៀង នឹងលោកជំទាវ) ជាមហាឧបាសក-សិកា បានរៀបចំចង្ហាន់ប្រគេនលោកឆាន់ ហើយដល់ថ្ងៃចេញដំណើរពីភូមាទៅប្រទេសឥណ្ឌៀ ឯកឧត្តមនឹងលោកជំទាវ ហើយនឹងលោកឡឹក-ឆន បានជូនដំណើរយើងទៅកាន់ចំណតអាកាសយាន ហើយទៅសំណេះសំណាលលេង រហូតយន្តហោះចេញ ។
ទៅដល់ប្រទេសឥណ្ឌៀ ក៏មានបុគ្គលិកស្ថានឯកអគ្គរាជទូត (លោក ហាក់-អេង) នឹងលោក (James Geene)(១)  បុគ្គលិកខាងមូលនិធិអាស៊ី ប្រចាំប្រទេសឥណ្ឌៀ មកទទួលដំណើរយើងដែរ ។ យើងទៅដល់ប្រទេសឥណ្ឌៀបានប្រកបដោយសេចក្តីសុខគ្រប់យ៉ាង តែគ្រាន់ប្លែកគ្នាបន្តិចពីកំដៅអាកាស ។
ប្រទេសឥណ្ឌៀ ជាកន្លែងដែលយើងត្រូវសំណាក់សិក្សា តែយើងមិនទាន់បានចេញពីក្រុងដែល្ហីភ្លាមទេ យើងត្រូវរង់ចាំនៅក្រុងដែល្ហីរហូតចូលឆ្នាំ ព្រោះឯកឧត្តមឯកអគ្គរាជទូតខ្មែរនឹងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត បាននិមន្តព្រះភិក្ខុប៉ាង ខាត់ ឲ្យនៅរង់ចាំធ្វើបុណ្យចូលឆ្នាំខ្មែរ ដើម្បីនឹងថ្វាយព្រះរាជកុសលដល់សម្ដេចព្រះមហាក្សត្រិយានីនឹងសម្ដេចព្រះប្រមុខរដ្ឋ ។ ក្នុងពេលដែលយើងនៅរង់ចាំពេលចូលឆ្នាំនេះ យើងបានទៅទាក់ទងលោកអ្នកប្រាជ្ញជាតិឥណ្ឌៀ សួរនាំឲ្យយោបល់ខ្លះអំពីព្រះពុទ្ធសាសនា ហើយនឹងពុទ្ធស្ថានខ្លះដែលយើងមិនដែលដឹងឮ នៅក្នុងប្រទេសឥណ្ឌៀ ។

លោក ឌឹក គាម បានបន្តទៀតថា លុះចូលឆ្នាំហើយ លោកនិងព្រះមហា ប៉ាង ខាត់ ក៏ចេញដំណើរទីក្រុងដេលីទៅពុទ្ធគាយាតាមរថភ្លើងនៅថ្ងៃទី ១៥ មេសា ឆ្នាំដដែល ។ ពុទ្ធគយាជាកន្លែងដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ។ លោកបានកត់សម្គាល់ថា ពួកពុទ្ធបរិស័ទក្នុងពិភពលោកជាច្រើន បានត្រាចទៅនមស្ការកន្លែងពុទ្ធគយានេះ មានអ្នកខ្លះចំណាយធនធានរបស់ខ្លួនទៅបួសនៅក្រោមដើមពោធិ៍ផង ។ អ្នកខ្លះទៀតទៅគ្រាន់តែថ្វាយសក្ការបូជាដើមពោធិព្រឹក្ស ។

ក្រោយពីបានធ្វើសក្ការបូជានៅពុទ្ធស្ថាននានានៅពុទ្ធគយា ធម្មយាត្រាក៏បានបន្តដំណើរទៅកាន់ទីក្រុងរាជគ្រឹះ នៅក្នុងរដ្ឋពិហារ ជាកន្លែងដែលព្រះពុទ្ធទ្រង់ទូន្មានដំរីនាឡគិរី ហើយជាកន្លែងដែលព្រះមហាកស្សប ប្រជុំធ្វើបឋមសង្គាយនា ។ នៅទីក្រុងរាជគ្រឹះនេះ ព្រះមហាប៉ាង ខាត់ និងលោក ឌឹក គាម បានទៅទស្សនាបុរាណដ្ឋាននាលន្ទា ហើយបានជួបលោក សេន ជាអ្នកគ្រប់គ្រងសារមន្ទីរនៅទីនេះ ។ លោក សេន បាននាំព្រះមហា ប៉ាង ខាត់ លោក ឌឹក គាម និងសមណនិស្សិតខ្មែរ ភិក្ខុមហា វ៉ា យ៉ាវ ទៅទស្សនាមហាវិទ្យាល័យនាលន្ទាបុរាណ ហើយក៏បានទៅទស្សនានមសក្ការនៅវត្តវេឡុវនទៀត ដែលជាអារាមរបស់ព្រះបាទពិម្ពិសារ ឧទ្ទិសថ្វាយព្រះសម្មាសម្ពុទ្ធ ។

ប្រភពសំខាន់មួយទៀតដែលជាភស្តុតាង នៃដំណើរធម្មយាត្រានេះគឺសៀវភៅ «ជីវិតម៉ែ» របស់ព្រះមហាវិរិយបណ្ឌិតោ ដែលត្រូវបានរៀបចំបោះពុម្ពឡើងវិញ ក្នុងឆ្នាំ ១៩៦៤ ដោយលោកមហា ឡាយ គ្រី ដែលជាសិស្សផ្ទាល់របស់លោកផ្ទាល់ ជាសមណនិស្សិតនៃពុទ្ធមហាវិទ្យាល័យព្រះសីហនុរាជ ហើយក្រោយមកក៏បានបន្តវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីបដែរ ។ សៀវភៅតូចនេះបានទទួលការចាប់អារម្មណ៍ខ្លាំងណាស់ ពីសម្នាក់ប្រិយមិត្តអ្នកអាននាកាលនោះ ។ ម្ល៉ោះហើយទើបមហា ឡាយ គ្រី បានសរសេរសំបុត្រផ្ញើប្រគេនព្រះមហា ប៉ាង ខាត់ ខណៈលោកកំពុងធ្វើធម្មយាត្រា នៅតាមពុទ្ធស្ថាននានានៅជម្ពូទ្វីប ដើម្បីការសុំការអនុញ្ញាតបោះពុម្ពសៀវភៅនេះម្តងទៀត ដើម្បី បំពេញសេចក្តីត្រូវការរបស់ប្រិយមិត្តអ្នកអាន ។ ព្រះមហា ប៉ាង ខាត់ បានឆ្លើយតបតាមរយៈសំបុត្រមួយច្បាប់ ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩៦៤ ធ្វើនៅក្រុងដែលី ដែលអនុញ្ញាតឲ្យបោះពុម្ពសៀវភៅប្រកបដោយអត្ថរសក្រៃលែងនេះ ដោយរោងពុម្ពឧដុង្គរស្មី ។ 

ដោយឡែក បើយោងតាមបណ្ឌិត សំ បេ ដែលជាអតីតសមណនិស្សិតទៅចម្លងធម៌ នៅជម្ពូទ្វីបមួយរូបដែរ ហើយក៏ជាមិត្តស្និទ្ធស្នាលរបស់លោកមហា ឡាយ គ្រី ផងនោះ បានឲ្យដឹងថា ព្រះមហា ប៉ាង ខាត់ មិនមែនទៅក្នុងគោលបំណងធ្វើធម្មយាត្រា នៅតាមពុទ្ធស្ថានផ្សេងៗទៅជម្ពូទ្វីបតែប៉ុណ្ណោះទេ លោកបានឆ្លៀតចូលរៀននៅសាលាមួយនៅក្រុងពូណេ រដ្ឋមហារាស្ត្រទៀតផង ។ 

សេចក្តីនេះត្រូវបានបញ្ជាក់បន្ថែម តាមរយៈការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ចន ម៉ារស្តុន ដោយផ្អែកទៅលើឯកសារកាលប្បវត្តិរបស់អង្គការមូលិនិធិអាស៊ី សហរដ្ឋអាមេរិក ក៏ដូចជាការចុះផ្សាយរបស់ទស្សនាវដ្ដីកម្ពុជសុរិយា ។ លោកសាស្ត្រាចារ្យ ចន បានបញ្ជាក់ថា ព្រះមហា ប៉ាង ខាត់ មិនមែននិមន្តទៅបន្តវិជ្ជានៅជម្ពូទ្វីប ក្នុងនាមជាសមណនិស្សិតធម្មតាទេ គឺទៅក្នុងនាមជាអ្នកស្រាវជ្រាវ (ម៉ារស្តុន ២០២០) ។ ក្នុងឆ្នាំ១៩៦៥ ក្នុងដំណើរមាតុភូមិនិវត្តន៍ពីជម្ពូទ្វីបវិញ ព្រះមហា ប៉ាង ខាត់ បាននិមន្តចុះនៅប្រទេសភូមា រួចហើយបានបន្តដំណើរទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី រហូតដល់ប្រទេសឥណ្ឌូនេស៊ី ៕

លេខយោង៖
(១) យោងតាមប្រភពពីមូលនិធិអាស៊ី ឈ្មោះត្រឹមត្រូវគឺលោក Jim Greene អានថា ជីម ហ្គ្រីន ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment