រូបភាពកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដក លើកទី ១៣ ឆ្នាំ ២០១៧, មហាពោធិវិហារ ពុទ្ធគយា រដ្ឋប៊ីហារ ។ |
លោកវិទូ | ថ្ងៃ ២᧾១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា ២០១៩ ។
ពិធីបុណ្យសូធ្យព្រះត្រៃបិដក (ភាសាបាលី) ត្រូវបានប្រារព្ធធ្វើឡើងប្រចាំឆ្នាំ នៅព្រះមហាពោធិវិហារ ទៀបគល់ព្រះមហាពោធិព្រឹក្ស ជាផ្ចិតនៃផែនដី ជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីរំឭកឡើងវិញនូវសំឡេងព្រះសទ្ធម្ម នៅលើទឹកដីពុទ្ធភូមិ (ឥណ្ឌា) ដ៏ស័ក្ដិសិទ្ធិនេះ ។
កម្មវិធីបុណ្យនេះត្រូវបានសហការរៀបចំដោយ ក្រុមប្រឹក្សាសូធ្យព្រះត្រៃបិដកអន្តរជាតិ (ITCC) ឧបត្ថម្ភកម្មវិធីដោយអង្គការពន្លឺព្រះធម៌ពុទ្ធសាសនាអន្តរជាតិ (LBDFI) និងមិត្តធម៌គ្រប់ទិសទី ។
- ទីតាំង៖ ទីបរិវេណព្រះមហាពោធិវិហារ, ពុទ្ធគយា, រដ្ឋប៊ីហារ, ប្រទេសឥណ្ឌា ។
- កាលបរិច្ឆេទ៖ ថ្ងៃទី ២~១២ ខែធ្នូ ឆ្នាំ ២០១៩ ។
- ប្រទេសចូលរួម៖ ប្រទេសកាន់ពុទ្ធសាសនាថេរវាទទាំងអស់ មានដូចជា កម្ពុជា ថៃ ឡាវ ភូមា ស្រីលង្កា និងប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី វៀតណាម បង់ក្លាដែស នេប៉ាល់ ជាដើម ។ល។ សម្ដេចសង្ឃ សម្ដេចសង្ឃនាយក មន្ត្រីសង្ឃជាន់ខ្ពស់អន្តរជាតិ និងភិក្ខុសង្ឃឥណ្ឌាជាច្រើនអង្គ ព្រមទាំងឧបាសកឧបាសិកា ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នឹងចូលរួមក្នុងកម្មវិធីបុណ្យនេះ ។
ដូច្នេះ បើញាតិញោមបងប្អូនជាពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាចង់អញ្ជើញចូលរួម សូមមេត្តាចុះឈ្មោះជាមុន ដែលបើកឲ្យចុះឈ្មោះនៅវត្តថៃ (ពុទ្ធគយា) ដោយភ្ជាប់មកជាមួយនូវរូបថត ៤x៦ ចំនួន ២ សន្លឹក និងថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការ ១ ច្បាប់ ទុកជាឯកសារកាលប្បវត្តិ ។ លោកអ្នកនឹងទទួលបានបណ្ណចូលរួមជាផ្លូវការ ។ ពុំនោះទេអាចចូលរួម ជាលក្ខណៈឯកជនតាមធម្មតាក៏បាន ដោយគ្រាន់តែផ្ញើសារចុះឈ្មោះទៅកាន់អាសយដ្ឋានអ៊ីមែល admin@lbdfi.org ។
បើមិនបានចូលរួមដោយផ្ទាល់ទេ លោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់របស់កម្មវិធី តាមរយៈទូរវីដេអូឡាយ ដែលមានតំណភ្ជាប់នៅទីនេះ៖ https://livestream.com/LBDFI/events/8904992 ។
សិស្សនិស្សិតដែលកំពុងរៀននៅប្រទេសឥណ្ឌា គួរឆ្លៀតឱកាសចូលរួម ជាលក្ខណៈឯកជនឬជាក្រុម ក្នុងកម្មវិធីបុណ្យ ដ៏អធិកអធមគួរជាទីជ្រះថ្លានេះ ដោយត្រូវកក់សំបុត្ររថភ្លើងទុកជាមុន ចាប់ពីពេលនេះតទៅ ឬកាន់តែឆាប់កាន់តែល្អ ព្រោះសំបុត្ររថភ្លើងពិបាកទិញណាស់នៅប្រទេសឥណ្ឌា ដោយសារមានអ្នកដំណើរច្រើន ។ ចំពោះកន្លែងស្នាក់នៅ អាចទាក់ទងវត្តខ្មែរពុទ្ធគយាបាន ។ នេះជាឱកាសល្អ ដែលអាចចូលរួមកម្មវិធីបុណ្យនេះផង និងបាននមស្ការថ្វាយបង្គំ ពុទ្ធស្ថានពុទ្ធគយាដ៏ពិសិដ្ឋនេះផង ។
សូមអនុមោទនា ។ សូមអរគុណ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment